បរទេស៖ រហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ី កំពុងចាប់ផ្ដើមផ្ទុះករណីឆ្លងកូវីដ-១៩ថ្មី រហូតដល់ជា ៦០០០ករណី ទើបនាយករដ្ឋមន្រ្ដី នៃរាជាណាចក្រមួយនេះ កំពុងតែបង្កើនយុទ្ធសាស្រ្ដ ដើម្បីទប់ស្កាត់នូវវីរុសដ៏កំណាចនេះ ហើយលោកលើកឡើងថា ទោះជាយ៉ាងនេះក្ដី  ប្រសិនបើមិនឲ្យមនុស្ស​ធ្វើការ សេដ្ឋកិច្ចជាតិនឹងត្រូវដួលរលំ ពិបាកនឹងស្ដារឡើងវិញ នាពេលក្រោយ។

​សារព័ត៌មាន Malaymail បានដកស្រង់របាយការណ៍របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី យកមកចុះផ្សាយ នៅថ្ងៃទី២៤ ខែឧសភា ថា ថ្ងៃនេះ ម៉ាឡេស៊ីរកឃើញករណីឆ្លងកូវីដ-19ថ្មី ចំនួន ៦ ៥០៩នាក់  និងករណីស្លាប់ ៤៩នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេស កើនដល់ ៥១៨ ៦០០នាក់ និងស្លាប់សរុប ២ ២៤៨នាក់។​

សារព័ត៌មាន TNP បានដកស្រង់សម្ដីរបស់លោក Muhyiddin Yassin នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ​ថ្លែង កាលថ្ងៃទី២៣ ខែឧសភា ថា «យើងមានការចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ដើម្បីធ្វើឲ្យមានតុល្យភាពឡើងវិញ រវាងជីវិតរស់នៅ និងជីវភាពប្រចាំថ្ងៃ ក្នុងការអនុវត្ដនូវវិធានការដ៏តឹងរឹងនេះ។ នេះជាអ្វីដែលរដ្ឋាភិបាលមិនបានសម្រេចចិត្តត្រូវ​​បិទប្រទេស ព្រោះវាជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយមនុស្សជាច្រើននឹងបាត់បង់ការងារធ្វើ។​

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ប្រសិនបើមនុស្សមិនធ្វើការ សេដ្ឋកិច្ចនឹងដួលរលំ ហើយប្រទេស​ត្រូវអភិវឌ្ឍសេដ្ឋកិច្ចនេះឡើងវិញ។ ​រដ្ឋាភិបាលត្រូវចំណាយថវិកា ចំនួន ១៩០ពាន់លានដុល្លារ ជាមួយនឹងកញ្ចប់ថវិកាជំរុញ ចំនួន៦ផ្សេងទៀត។ នេះមិនមែនជាចំនួនមួយដ៏តិចតួចនោះទេ ហើយករណីនេះក៏មិនដែលបានកើតឡើង នៅក្នុងប្រទេសម៉ាឡេស៊ីដែរ។ ចំណែកផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចំនួន២០ភាគរយ ត្រូវយកមកប្រើប្រាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។​ នេះជាអ្វីដែលប្រជាពលរដ្ឋត្រូវតែយល់ដឹងអំពីបញ្ហានេះ»។​

លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានបញ្ជាក់ នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយនឹងបណ្ដាញទូរទស្សន៍ RTM និង Bernama កាលពីថ្ងៃទី២៣ ខែឧសភា ថា «ប្រសិនបើយើងបិទវិស័យសេដ្ឋកិច្ចទាំងអស់ យើង​ប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ឡើងបន្ថែមទៀត ហើយប្រទេសជាតិ​មិនអាចស្ដារឡើងវិញបាន នាពេលក្រោយ​»។​

នៅក្នុងចំណោមវិធានការនានា ត្រូវបានប្រកាស កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នោះ គឺផ្សារទំនើប ភោជនីយដ្ឋាន និងផ្សារនានា នឹងបើកដំណើរការឡើងវិញ តិចម៉ោង។ ម្ចាស់អាជីវកម្ម នឹងបើកចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់។ ដោយឡែកអ្នកដើរទិញអីវ៉ាន់ ត្រូវបានអនុញ្ញាតឲ្យត្រឹមតែ រយៈពេល២ម៉ោងប៉ុណ្ណោះ។​​

ជាមួយគ្នានេះ រដ្ឋាភិបាលក៏ចង់ឲ្យជនស៊ីវិល ប្រហែល៨០ភាគរយ ចាប់ផ្ដើមធ្វើការងារតាមផ្ទះ ខណៈវិស័យឯកជនត្រូវបានផ្ដល់យោបល់អនុញ្ញាតបុគ្គលិកត្រឹមតែប្រហែល៤០ភាគរយ ត្រូវធ្វើការដូចគ្នានេះ។​ ​ច្បាប់ថ្មីបន្ថែមលើបម្រាម កាលថ្ងៃទី១២ ខែឧសភា​ លើការបរិភោគអាហារពេលយប់ នៅតាមភោជនីយដ្ឋាន និងហាងអាហារ ដោយអាចអនុញ្ញាតត្រឹមតែការវេចខ្ចប់ និង​ដឹកចែកចាយតែប៉ុណ្ណោះ៕