បរទេស៖ សម្រាប់ថ្ងៃទី១៧ ខែឧសភា ថៃនៅតែជាប្រទេសជិតខាង​ មានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ ក្នុងចំណោមប្រទេសចំនួន៣ទៀត ដែលមានព្រំដែនជាប់នឹងកម្ពុជា។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃ ហៅកាត់ CCSA បានចេញរាយការណ៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ថា ថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៩ ៦៣៥នាក់ និងករណីស្លាប់ថ្មី ចំនួន២៥នាក់។ ថៃមានអ្នកឆ្លងកូវីដ-១៩សរុប ១១១ ០៨២នាក់ និងស្លាប់ ៦១៤នាក់ ។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ចំនួន ៦៧ ២០០នាក់ និងអ្នកជំងឺចំនួន ៣៥ ០៥៥នាក់ផ្សេងទៀតកំពុងសម្រាក់ព្យាបាល។​

ដោយឡែកក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញរបាយការណ៍ នៅថ្ងៃដដែលនេះថា កម្ពុជា បានរកឃើញ​អ្នកឆ្លងថ្មី៣៦០នាក់​ និងករណីស្លាប់ថ្មី៤​នាក់។ កម្ពុជាមានអ្នកឆ្លងសរុប​ ២២ ៥៤៤នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១៣ ០០៦នាក់ និងស្លាប់ ១៥៤នាក់។​

វៀតណាម មានអ្នកឆ្លងថ្មី ៦៧នាក់ និងករណីស្លាប់ថ្មីម្នាក់។ វៀតណាមមានអ្នកឆ្លងកូវីដ-១៩ សរុប ៤ ២៤២នាក់ ហើយក្នុងនោះមានអ្នកស្លាប់៣៧នាក់​ អ្នកជាសះស្បើយ ២ ៦៦៨នាក់ និងអ្នកជំងឺ ១ ៥៣៧នាក់កំពុងសម្រាក់ព្យាបាល។ នេះបើតាមការចេញផ្សាយរបស់ Worldometer។

ឡាវ មានអ្នកឆ្លងថ្មី ៤៧នាក់ តែមិនមានករណីស្លាប់ថ្មី។ ឡាវមានអ្នកឆ្លងសរុប ១ ៦៣៨នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ៥៨២នាក់ អ្នកកំពុងសម្រាកព្យាបាល ១ ០៥៤នាក់ និងស្លាប់២នាក់។ នេះបើតាមការចេញផ្សាយរបស់ Laotian Times៕