អ្នកដឹងទេថា រាងកាយរបស់អ្នកជានិច្ចកាលតែងផ្តល់នូវមុខសញ្ញាមកកាន់អ្នកនៅពេលរាងកាយខ្វះខាត ឬ លើសកម្រិតសារជាតិអ្វីមួយក្នុងរាងកាយ? វាអាស្រ័យលើអ្នកក្នុងការសង្កេតមើលពីរោគសញ្ញាទាំងនោះ និងទប់ស្កាត់បញ្ហាដែលអាចកើតឡើងចំពោះរាងកាយ។ ដូចនេះ អ្នកគួរក្រឡេកមកយល់ដឹងពីរោគសញ្ញាដែលរាងកាយរបស់អ្នកកំពុងលើសកម្រិតជាតិអាស៊ីតដូចខាងក្រោម៖

១. ស្បែកមានបញ្ហា
ពេលខ្លះ អ្នកមានអារម្មណ៍ថាស្បែករបស់អ្នកមានសភាពស្រអាប់ មិនស្រស់ថ្លា ហើយ ស្ងួតខ្លាំងរហូតប្រេះក្រហែង ជាពិសេសនៅបរិវេណមុខ និង បបូរមាត់។ អ្នកអាចគិតថាវាជាបញ្ហាស្បែកធម្មតា ដែលការពិត វាអាចបណ្តាលមកពីការលើសជាតិអាស៊ីតក្នុងខ្លួននេះឯង។ បើអ្នកជួបប្រទះនូវបញ្ហានេះរយៈពេលយូរ ហើយ ផលិតផលមុខ ឬ គ្រឿងសម្អាងមិនអាចជួយបាន នោះភាគរយគឺអ្នកអាចកំពុងតែលើសកម្រិតជាតិអាស៊ីតហើយ។

២. បញ្ហាធ្មេញ
បើរាងកាយរបស់អ្នកលើសជាតិអាស៊ីត វាអាចបង្ហាញប្រាប់អ្នកតាមរយៈការស្រៀវធ្មេញ ឬ ការឈឺធ្មេញ ជាដើម។ តែវាក៏មិនមែនមានន័យថា រាល់ពេលអ្នកមានបញ្ហាស្រៀវធ្មេញគឺព្រោះលើសកម្រិតជាតិអាស៊ីតនោះទេ គឺវាគ្រាន់តែជាមានភាគរយនៅក្នុងរោគសញ្ញានោះតែប៉ុណ្ណោះនោះដែលអាចជួយឱ្យអ្នកទៅពិនិត្យឈាមមើលជាតិអាស៊ីតជាដើម។

៣. បញ្ហារំលាយអាហារ
មនុស្សច្រើនណាស់ដែលតែងជួបប្រទះបញ្ហារំលាយអាហារនេះសុទ្ធសឹងតែក្លាយជាបញ្ហាធម្មតាទៅហើយ តែការលើសជាតិអាស៊ីតកាន់តែធ្វើឱ្យរាងការពិបាកក្នុងការរំលាយអាហារថែមទៀត។ បើអ្នកឧស្សាហ៍ជួបបញ្ហានេះញឹកញាប់ អ្នកគួរឆ្លៀតពេលពិនិត្យជាតិអាស៊ីតក្នុងរាងកាយឱ្យកាន់តែច្បាស់ក្នុងចិត្ត។

៤. បញ្ហាផ្នែកអារម្មណ៍
បើអ្នកតែងមានអារម្មណ៍ឆាប់នឿយហត់ អស់កម្លាំង និង មិនសូវមានអារម្មណ៍ធ្វើអ្វី វាអាចជាសញ្ញាដែលរាងកាយរបស់អ្នកកំពុងលើសកម្រិតជាតិអាស៊ីតហើយ។ បើអ្នកជាមនុស្សដែលធ្លាប់តែមានចិត្តចង់ដើរលេង ទៅក្រៅ ឬ ធ្វើអ្វីសប្បាយៗ ហើយមួយរយៈក្រោយស្រាប់តែគ្មានចំណង់បែបនោះទៀត ព្រោះងាយហត់នឿយ គ្មានកម្លាំងកំហែងជាដើម នោះល្មមដល់ពេលដែលអ្នកគួរទៅពិនិត្យជាតិអាស៊ីតចេញហើយព្រោះវាអាចបះពាល់ដល់អារម្មណ៍របស់អ្នកមួយភាគដែរ។

៥. បញ្ហារាងកាយ
កម្រិតជាតិអាស៊ីតលើសនៅក្នុងរាងកាយអាចធ្វើឱ្យអ្នកជួបប្រទះបញ្ហាឈឺចុកចាប់ដូចជា ឧស្សាហ៍ឈឺក្បាល ឈឺភ្នែក និង ស្ពឹក រោយដៃជើងជាដើម។ ដូចនេះ បើសុខៗអ្នកចាប់ផ្តើមមានអាការៈបែបនេះដោយមិនដឹងខ្លួន វាអាចជាសញ្ញាដែលរាងកាយអ្នកកំពុងផ្តល់ឱ្យអ្នកហើយ។

ជារួម អ្នកគួរចំណាំផងដែរថា បើអ្នកជួបប្រទះនូវរោគសញ្ញាខាងលើរហូតដល់២ទៅ៣ចំណុច អ្នកគួរតែប្រុងប្រយ័ត្នចំពោះការលើសជាតិអាស៊ីតក្នុងរាងកាយ ហើយរួសរាន់ទៅពិនិត្យជាតិអាស៊ីតក្នុងឈាមឱ្យបានត្រឹមត្រូវនៅមន្ទីរពេទ្យ ឬ កន្លែងជំនាញ ដើម្បីចៀសវាងបញ្ហាកានតែរីកធំឡើង៕