ជំងឺមហារីកមាត់ស្បូន ក្លាយជាជំងឺដ៏កាចសាហាវមួយដែលអាចសម្លាប់ស្ត្រីជារៀងរាលថ្ងៃ ហើយជំងឺមួយនេះ បានឈរលំដាប់លេខ២លើពិភពលោក និងលេខ១នៅកម្ពុជាដែលបានសម្លាប់ស្ត្រីខ្មែរយើង។ ទោះបីជាជំងឺនេះកាចសាហាវក្តី ក៏មានវិធីការពារខ្លួនមិនឱ្យស្ត្រីកើតជំងឺនេះ រហូតដល់ដំណាក់កាលចុងក្រោយទេ បើស្ត្រីបានធ្វើតាមវេជ្ជបណ្ឌិតជំនាញត្រឹមត្រូវ។

វេជ្ជបណ្ឌិតឯក ម៉េងលី ជំនាញផ្នែកស្ត្រី ធ្លាប់មានប្រសាស៍ថា កត្តាធ្វើឱ្យស្ត្រីកើតជំងឺមហារីកមាត់ស្បូននេះ ដោយសារតែភាពខ្មាសអៀនរបស់ស្ត្រីច្រើនទាក់ទងនឹងការលើកឡើងអំពីបញ្ហាសុខភាពផ្លូវភេទ។ ហើយចំណុចសំខាន់នោះ គឺស្ត្រីមិនបានយល់ដឹងអំពីជំងឺនេះទេ ដែលជាហេតុនាំឱ្យពួកគេងាយរងគ្រោះខ្លាំង រហូតធ្វើទុក្ខខ្លាំង ទើបស្វែងរកវេជ្ជបណ្ឌិតព្យាបាល។ បន្ថែមពីលើនេះ កត្តាងាយបង្កកើតជំងឺមហារីកមាត់ស្បូន ស្ត្រីរួមភេទនៅវ័យក្មេងពេក និងការរួមភេទដែលមានដៃគូច្រើន ឬស្វាមីដែលមានការរួមភេទខាងក្រៅច្រើនដែលមិនបានប្រើប្រាស់ស្រោមអនាម័យ អាចចម្លងមកប្រពន្ធបានផងដែរ។ ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតគួច ម៉េងលី ធ្លាប់លើកឡើងអំពីដំណោះស្រាយថា ជំងឺមហារីកមាត់ស្បួននេះ យើងអាចការពារបានតាមរយៈការចាក់វ៉ាក់សុំាងនៅអាយុ៩ឆ្នាំ ឬមុនពេលរួមភេទ។ ហើយបើធ្លាប់រួមភេទ ស្ត្រីនៅតែអាចចាក់វ៉ាក់សុំាងការពារបានដដែល គ្រាន់តែប្រសិទ្ធភាពមានទាបជាង ចាក់មុនរួមភេទ។ តែទោះយ៉ាងណាក្តី ការចាក់វ៉ាក់សុំាមិនថាមុន ឬក្រោយនោះទេ ស្ត្រីគ្រប់រូបគួរតែចាក់វ៉ាក់សុំាងការពារឱ្យបានគ្រប់គ្នា ព្រោះជំងឺនេះសាហាវណាស់ បើមិនបានព្យាបាលទាន់ពេលនោះទេ។

បន្ថែមពីលើនេះ វេជ្ជបណ្ឌិតគួច ម៉េងលី បានណែនាំឱ្យស្ត្រីខ្មែរយើង ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់មួយឆ្នាំម្តង ឬ៦ខែ។ អ្នកកើតជំងឺនេះ អាចកើតឡើងនៅអាយុ៥០ឆ្នាំ ទៅ៦០ឆ្នាំ តែអំឡុងពេលនេះ ចេញរោគសញ្ញា ភាគច្រើនគឺហួសពេលហើយ ពិបាលព្យាបាលណាស់ ព្រោះចេញរោគសញ្ញាច្រើនតែដំណាក់កាលចុងក្រោយ។

សរុបមកដើម្បីការពារខ្លួនពីជំងឺមហារីកមាត់ស្បូនេះ ស្ត្រីគ្រប់រូបមិនគួរមានដៃគូរួមភេទច្រើន ហើយត្រូវចាក់វ៉ាក់សុំាងឱ្យបានត្រឹមត្រូវ និងពិនិត្យសុខភាពជាប្រចាំ ទោះមានជំងឺអ្វីផ្សេង ក៏យើងអាចព្យាបាលទាន់ពេលដែរ៕