ការហាត់យូហ្គាមានអត្ថប្រយោជន៍ជាច្រើនដែលស្រ្តីៗយើងមួយចំនួនមិនទាន់បានដឹង។ ក្រោយពីបានអាននូវគុណប្រយោជន៍ខាងក្រោមទាំងអស់នេះហើយមិត្តនារីៗច្បាស់ជាមិនមើលរំលងនូវការហាត់យូហ្គាទៀតនោះទេ។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖

១. ជំនួយដល់ឆ្អឹងនិងសរសៃនៃរាងកាយ
នារីៗងាយនឹងមានបញ្ហាឆ្អឹងនិងសរសៃមែនទេ?អស់បារម្ភហើយជាមួយការហាត់យូហ្គាដែលមានក្បាច់ច្រើនក្នុងការសម្រួលសរសៃនិងឆ្អឹងដោយមានតួនាទីជួយពន្លាតសរសៃនិងឆ្អឹងដែលមានសភាពតឹងណែននិងធ្លាប់មានបញ្ហាឱ្យត្រឡប់មកប្រក្រតីវិញបានបើយើងធ្វើការហាត់រយៈពេលយូរនិងតាមវិធីត្រឹមត្រូវ។លើសពីនេះទៅទៀតវាជួយឱ្យរាងកាយយើងមានសភាពទន់ ងាយធ្វើការបត់បែនគ្រប់ចលនា។

២. ជួយក្នុងការសម្រកទម្ងន់ឬរក្សាទម្ងន់ឱ្យនៅថេរ
ការហាត់យូហ្គាក៏មិនខុសពីការហាត់លំហាត់ប្រាណផ្សេងៗដែរគឺជួយក្នុងការដុតកាឡួរីនិងជាតិខ្លាញ់នៅក្នុងខ្លួនដោយបញ្ចេញនូវញើសដែលផ្ទុកជាតិពុលទាំងនោះឱ្យចេញមកខាងក្រៅ។សម្រាប់អ្នកហាត់ដើម្បីសុខភាពមិនចង់សម្រកទម្ងន់គឺអាចហាត់១ម៉ោងក្នុងមួយថ្ងៃហើយមិនចាំបាច់តមនូវរបបអាហារនោះទេ នោះនឹងជួយឱ្យទម្ងន់នៅថេរមិនឡើងមិនចុះ។សម្រាប់អ្នកចង់សម្រកទម្ងន់អាចធ្វើការហាត់ពី១ម៉ោងទៅ១ម៉ោងកន្លះតាមបរិមាណកម្លាំងរបស់ខ្លួន បូកផ្សំជាមួយការតមនូវរបបអាហារខ្លះទៀតនោះ ច្បាស់ជាអាចសម្រេចនូវបំណងប្រាថ្នាជាមិនខាន។

៣. ធ្វើឱ្យរាងកាយរឹងមាំនិងមានកម្លាំង
ការដែលយើងមិនសូវហាត់ប្រាណឬហាត់យោហ្គា យើងអាចសង្កេតឃើញថាសាច់ដុំរបស់យើងមានសភាពទន់ខ្សោយមិនសូវមានកម្លាំងកំហែងនោះទេ។រាងកាយទន់ខ្សោយអាចឱ្យជាសញ្ញាដូចជាឆាប់ហត់ ងាយដង្ហក់ អង្គុយឬឈរមិនបានយូរនិង ឆាប់អស់កម្លាំងជាដើម។

៤. ជួយបំបាត់ជំងឺស្ត្រេស និងជំងឺបាក់ទឹកចិត្
យូហ្គាមានក្បាច់ហាត់ជាច្រើនដែលក្នុងនោះរួមបញ្ចូលជាមួយ ក្បាច់តាំងសមាធិដែលត្រូវបានអ្នកជំនាញបង្ហាញថាជាវិធីសាស្ត្រធ្វើឱ្យស្ងប់ទាំងចិត្ត កាយ និងអារម្មណ៍។ ពេលអ្នកគិតរឿងស្មុកស្មាញច្រើន ជំងឺផ្លូវចិត្តទាំងអស់នោះនឹងមករកអ្នកយ៉ាងងាយ។ ដូច្នេះហើយអ្នកត្រូវឆ្លៀតពេលទំនេររបស់អ្នកទៅរំសាយដោយការសមាធិឬការហាត់យូហ្គាវិញ នោះអ្នកនឹងគ្មានពេលគិតពីរឿងឈឺក្បាលទាំងនោះទៀតទេ៕