ស៊ុតសម្បូរដោយ វីតាមីន A, B5, B12, D, E, K, B6 ផូស្វ័រ សេលេនីញ៉ូម កាល់ស្យូម ស័ង្កសី ប្រូតេអ៊ីន ខ្លាញ់ល្អដែលរាងកាយត្រូវការជាចំាបាច់ជាប្រចាំ។ យោងតាមគេហទំព៍រ keckmedicineofusc បានឱ្យដឹងថាស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន សារធាតុចិញ្ចឹមជាច្រើនដែលផ្ដល់ឱ្យយើងទទួលបាននូវសុខភាពដូចជា៖

១. ជួយបង្កើនកូលេស្តេរ៉ុលល្អ
ការញ៉ាំស៊ុតនាំឱ្យមានការកើនឡើងកម្រិតកូឡេស្តេរ៉ូលខ្ពស់ (HDL) ដែលត្រូវបានគេស្គាល់ថាជាកូលេស្តេរ៉ុលល្អ។ អ្នកដែលមានកម្រិត HDL ខ្ពស់មានហានិភ័យទាបនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពដទៃទៀត។ យោងតាមការសិក្សាមួយបានបង្ហាញថាការញ៉ាំស៊ុត ២ ដងក្នុងមួយថ្ងៃរយៈពេល ៦ សប្តាហ៍បង្កើនកម្រិត HDL ១០% ។

២. ជួយថែរក្សាភ្នែក
នៅពេលដែលយើងកាន់តែចាស់យើងត្រូវថែរក្សាភ្នែកឱ្យបានល្អជាងមុន។ ស៊ុតមាន់មានផ្ទុកសារជាតិ lutein និង Zeaxanthin ច្រើនដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានប្រយោជន៍ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយនិងការចុះខ្សោយនៃភ្នែក។ ស៊ុតក៏មានវីតាមីន A ខ្ពស់ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពភ្នែកផងដែរ។

៣. សម្បូរខ្លាញ់អូមេហ្គា៣
ស៊ុតសម្បូរដោយខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយទ្រីគ្លីសេរីដដែលជាប្រភេទខ្លាញ់ក្នុងឈាម។ ការញុំាស៊ុតជាញឹកញាប់ផ្ដល់ឱ្យយើងនូវខ្លាញ់អូមេហ្គា៣ ដែលជាខ្លាញ់ដែលល្អសម្រាប់សុខភាព។ ខ្លាញ់អូមេហ្គា៣មានអត្ថប្រយោជន៍ជួយដល់ភ្នែករបស់អ្នក និងធ្វើឱ្យស្បែករបស់យើងស្រល់ស្អាតនិងភ្លឺរលោងជាងមុន។

៤. ជួយផ្ដល់ choline
Choline គឺជាវីតាមីនរលាយក្នុងទឹកដែលវាស្ថិតនៅក្នុងក្រុមជាមួយវីតាមីន B ។ វាត្រូវបានប្រើដើម្បីបង្កើតភ្នាសកោសិកានិងជួយផលិតម៉ូលេគុលដែលមានសញ្ញានៅក្នុងខួរក្បាល។ ស៊ុតឆ្អិនមួយគ្រាប់មានកូលេស្តេរ៉ុលប្រហែល ១៤៧ មីលីក្រាម ស្មើនឹង ២៧% ដែលរាងកាយត្រូវការជាប្រចាំថ្ងៃដែលត្រូវបានណែនាំដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ។

៥. ផ្ដល់ប្រូតេអ៊ីន
ញុំាស៊ុតទទួលបានប្រូតេអ៊ីន និងអាស៊ីដអាមីណូគ្រប់គ្រាន់សម្រាប់រាងកាយ។ ការទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់យើងគឺជាមធ្យោបាយសំខាន់មួយក្នុងការជួយដល់សុខភាពរាងកាយរបស់យើងឱ្យមានភាពរឹងមំាជាងមុន។ ក្នុងស៊ុតមួយគ្រាប់មានប្រូតេអ៊ីនប្រហែល ៦ ក្រាមក៏ដូចជាអាស៊ីដអាមីណូជួយក្នុងការគ្រប់គ្រងទំងន់បង្កើនម៉ាសសាច់ដុំ និងជួយដល់ឆ្អឹងរបស់យើងផងដែរ។
យើងមើលឃើញថាស៊ុតពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង វាបានផ្ដល់សារធាតុចិញ្ចឹម ប្រូតេអ៊ីន និងវីតាមីនដ៏ច្រើនដែលរាងកាយត្រូវការចំាបាច់ដែលមិនអាចខ្វះបាន ៕