រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។

* ប្រកាស១៖ ត្រូវបានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។

ជាមួយគ្នានេះដែរ សម្តេចបាន​លើកឡើងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនដោយបង្អត់អាហារនោះឡើយ ដោយ​ការអនុវត្តធ្វើឡើងក្រោម​លក្ខខណ្ឌផ្សេងៗ។ សម្តេច​ចង់ឲ្យពលរដ្ឋទាំងអស់យល់ពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល។ សម្តេចបានសុំទោសចំពោះករណីមន្ត្រីដែលខ្វះការទទួលខុសត្រូវក្នុងរដ្ឋាភិបាលដែលធ្វើឲ្យ​សារផ្ទៃក្នុងបែកធ្លាយ និងបង្កឲ្យមានភាពចលាចល សម្តេចនឹងដាក់ទោសទណ្ឌមន្ត្រីនោះនៅពេលដែលស្រាវជ្រាវរកឃើញ​ ៕