ភ្នំពេញ៖ នៅទីបំផុត មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន នៅមុនធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដើម្បីការពារខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

នគរបាលខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ មន្ត្រីនគបាលរូបនោះ បានបាញ់ទៅលើជនបែកថ្នាំ ពេលកំពុងកាន់កាំបិតរត់ដេញតាមចាក់ខ្លួន ដោយក្នុងគោលបំណងដើម្បីការពារខ្លួន ហើយបានបណ្ដាលឲ្យជនបែកថ្នាំនោះស្លាប់នៅនឹងកន្លែង។

មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ ត្រូវបានគេស្គាល់មានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។

នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ គាត់បានបាញ់ដើម្បីការពារខ្លូនទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀនមេតំហ្វេតាមីន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

សូមរំលឹកថា វីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេចែកចាយបង្ហាញថា ដើមហេតុ ដែលបណ្តាលឱ្យមានករណីខាងលើនេះ គឺមានក្មេងទំនើង២នាក់ ដេញវាយតប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ដែលត្រូវគេដេញវាយ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ ABA (ម្នាក់ជានគរបាលខាងលើ) នៅក្បែរនោះដើម្បីជួយអន្ដរាគមន៍។ ពេលនោះជនបង្កបានខឹងសម្បាយ៉ាងខ្លាំងទៅលើ មន្ដ្រីនគរបាលដែលយាម និងសន្ដិសុខនោះ ហើយក៏ប្រើប្រាស់ហិង្សាទៅលើនគរបាលតែម្ដង។

តាមសកម្មភាពដែលបានបង្ហាញនោះ មន្ដ្រីនគរបាលខាងលើមិនបានវាយតបតទៅជនបង្កនោះទេ ពោលមានតែដើរគេចតែប៉ុណ្ណោះ។ ដោយចិត្តកាន់តែខឹងសម្បាខ្លាំង ជនបង្កបានរត់ទៅយកកាំបិតដែលគេលាក់ទុកនៅក្បែរនោះ មកដេញចាក់មន្ដ្រីនគរបាលទាំងកម្រោលតែម្ដង បើទោះបីមន្ដ្រីនគរបាលរូបនោះ ដកកាំភ្លើងដើម្បីគំរាមក៏គេមិនខ្លាចដែរ។

ដោយឃើញស្ថានភាពកាន់តែខ្លាំង មន្ដ្រីនគរបាលនោះ បានដកកាំភ្លើងនៅចង្កេះបាញ់ចំនួន៣គ្រាប់ ដើម្បីគំរាមជនបង្ក និងការពារខ្លួនពីការចាក់ប្រហាររបស់បុគ្គលរូបនោះ។

បើទោះបីមន្ដ្រីនគរបាលនោះ បានបាញ់បណ្ដាលឲ្យជនបង្កនោះស្លាប់ក៏ពិតមែន ប៉ុន្ដែមហាជនជឿជាក់ថា ការបាញ់នេះ គឺដើម្បីការពារខ្លួនពីការចាក់ប្រហារ របស់ជនបង្កតែប៉ុណ្ណោះ គ្មានចេតនាបាញ់ដើម្បីសម្លាប់នោះទេ ព្រោះតាំងពីកើតហេតុដំបូង មន្ដ្រីនគរបាលនោះមិនវាយតបតទៅជនបង្កឡើយ។

ប្រភពព័ត៌មានផ្សេងទៀត ក៏បានបង្ហាញពីប្រវត្តិមួយចំនួនរបស់មន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ នេះផងដែរ ដោយគេអះអាងថា គាត់ជាមនុស្សស្លូតត្រង់ ហើយធ្លាប់ប្រឡូកការងារក្នុងសង្គមយ៉ាងច្រើន។ បន្ថែមពីនេះ គាត់ក៏មានជំនាញក្នុងការបកប្រែភាសាបារាំង ហើយធ្លាប់បានបកប្រែជូនស្ថានទូតបារាំងប្រចាំកម្ពុជា និងបកប្រែជូនអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ប៉ុន្ដែដោយកត្តាជីវភាព ទើបលោក ភឿន ភិរៈ បានសម្រេចចិត្តរកការងារបន្ថែមនៅពេលយប់ ក្រោយទំនេរពីការងារជាមន្ដ្រីនគរបាល គឺមកបម្រើការងារជាសន្ដិសុខយាមធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដែលជាកន្លែងកើតហេតុនោះ ៕