ខេត្តកណ្ដាល៖ រថយន្តបែន​មួយគ្រឿង បាន​ថយក្រោយ​ចាក់ដី ស្រាប់តែជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយ ប៉ះក្បាលបោកនឹងបង្គោលភ្លើង កាលពីល្ងាច ថ្ងៃទី៤ ខែមេសា នៅត្រង់ចំណុចទំនប់ទួលក្រសាំង តាមផ្លូវជាតិលេខ២១B ខាងលិចជិតស្ពានអាកាសក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានបើក​រថយន្តបែនដឹកដី មកដល់ចំណុចខាងលើ ហើយបើក​ថយក្រោយ បម្រុងបែនចាក់ដី ស្រាប់តែរថយន្ត​ជ្រុល​ធ្លាក់ចូលទៅក្នុងប្រឡាយ បះក្បាលឡើងលើ ប៉ះនឹងបង្គោលភ្លើង។

ទោះជាយ៉ាងណា នៅក្នុងហតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែវាគ្រាន់តែបានធ្វើឲ្យបង្គោលភ្លើងទ្រេតតែប៉ុណ្ណោះ។ ដោយឡែករថយន្ដត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយការខូចខាតទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ៕