រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខា ភិបាល និងជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកស្រីឱ វណ្ណឌីន បានណែនាំដល់ក្រសួងស្ថាប័ននីមួយៗ មិនត្រូវផ្ដល់វ៉ាក់សាំងជូនអ្នកខាងក្រៅ ដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពនោះទេ។

ការលើកឡើរបស់លោកស្រីបែប នេះបានធ្វើឡើង បន្ទាប់ពីមានក្រសួងស្ថាប័នខ្លះបានចាក់វ៉ាក់សាំងលើសចំនួនមន្ត្រីរាជការដែលបានផ្ញើទៅគ.វ.ក ១៩ ធ្វើឲ្យខ្វះវ៉ាក់សាំងសម្រាប់ចាក់នៅដូសទី២។

យោងតាមសារសំឡេងតាមរយ:ប្រព័ន្ធតេឡេក្រាមលោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា” មិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងសាមីនោះទេ។ ប្រសិនបើក្រសួងនីមួយៗយកបុគ្គលផ្សេងដែលមិនមែនជាមន្ត្រីរបស់ខ្លួន ហើយយកចាក់ធ្វើឲ្យចំនួនវ៉ាក់សាំងមិនគ្រប់ទេ។ ចឹងចាប់ពីថ្ងៃស្អែកទៅ ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ” ។

លោកស្រី បានសង្កត់ធ្ងន់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរជម្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក១៩) បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃ ទី ១ ខែមេសា ឆ្នាំ២០២១តទៅ ក្នុងក្របខណ្ឌទូទាំងប្រទេសទៅលើក្រុមគោលដៅចំនួន ៨ក្រុម ដែលមានមនុស្សប្រមាណជាង ៧៤ម៉ឺននាក់ សម៕