ខេត្តរតនគីរី៖ យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តរតនគីរី បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា នេះ បានរកឃើញបុរសម្នាក់កើតជំងឺកូវីដ១៩ ដែលនេះជាករណីវិជ្ជមានកូវីដ១៩ជាលើកដំបូងហើយសម្រាប់ខេត្ត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

តាមរបាយការណ៍បានបញ្ជាក់ថា បុរសកើតជំងឺកូវីដ១៩នេះ មានឈ្មោះ ញឹក សុជា អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

តាមការស្រាវជ្រាវបុរសរូបនេះ ចេញឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា បុរសរូបនេះ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដើរលេងភ្លេង និងទំនាក់ទំនងជាមួយបងប្អូន មិត្តភ័ក្តិមួយចំនួននៅក្នុងខេត្តក្រចេះ។ ថ្ងៃទី២៥ ខែមីនា បានធ្វើដំណើរទៅខេត្តរតនគិរី ដល់ចំណុចអូរពងមាន់ឈប់រថយន្តទិញទឹក (មិនចុះពីឡាន)ទេ បន្ទាប់មកបានចុះចាក់ប្រេង និងទិញបាយម្ហូបនៅចំណុចអូរចេញ ភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងបន្តធ្វើដំណើរដល់ស្រុកតាវែង ហើយអាជ្ញាធរ បានឱ្យធ្វើចត្តាឡីស័កខ្លួនឯង ១៤ថ្ងៃ។

លុះដល់ថ្ងៃទី០១ ខែមេសា ដោយមានការសង្ស័យបុរសរូបនេះ បានទាក់ទងជាមួយមន្ត្រីសុខាភិបាលយកសំណាកទាំងប្តីប្រពន្ធ។ លទ្ធផលវិភាគចេញថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បង្ហាញថា បុរសឈ្មោះ ញឹក សុជា មានវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សូមផ្តល់ព័ត៌មាន ដើម្បីមន្ត្រីចុះយកសំណាក និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ។ ក្នុងមានករណីសង្ស័យ ឬការប្រែប្រួលសុខភាព ទាក់ទងទៅទូរស័ព្ទលេខ ០៩៧ ៥៩៥ ៧៧៨ ៨ និង ០៩២ ១២១ ៣៨៣៕