រាជធានីភ្នពេញ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្ន នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ រយៈពេល១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប៦នាក់ បានកើតជំងឺកូវីដ១៩។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសខាងលើនេះ បញ្ជាក់ផងដែរថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ហើយការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ៕