បរទេស៖ អាជ្ញាធរព្រែកជីកស៊ុយអេ​ ប្រទេស​អេហ្ស៊ីប បានថ្លែង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ថា ​​កប៉ាល់យក្សដឹកកុងតឺន័រ ​Ever Green ដែលជាប់គាំងកាត់ទទឹងផ្លូវនាវាចរណ៍ នៅព្រែកជីស៊ុយអេ ​រយៈពេល៦ថ្ងៃកន្លងមកនេះ គឺការចំណាយអាចនឹងកើនឡើង​ដល់១ពាន់លានដុល្លារ​។

លោក Osama Rabia ប្រធានអាជ្ញាធរ​ព្រែកជីកស៊ុយអេ បានប្រាប់​ទូរទស្សន៍ Sada el-Balad របស់អេហ្ស៊ីប កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ថា «យើងនឹងបន្តការគណនា រាល់ការចំណាយទាំងអស់ ដែលយើងបានប្រើប្រាស់ ​តាំងពីថ្ងៃដំបូង នៃឧប្បត្តិហេតុនេះ។ ​ការចំណាយទាំងនេះ រួមមាន ការប្រើប្រាស់នាវាអូសទាញ និងកប៉ាល់បូមទឹក​ដែលបានដំណើរការ​ នៅម៉ោងធ្វើការ​​ បូករួមទៅ … ចំនួនមួយពាន់លានដុល្លារសហរដ្ឋអាមេរិក»។​

លោលោក Osama Rabia ប្រធានអាជ្ញាធរ​ព្រែកជីកស៊ុយអេ ​​បានបន្ដថា ​កប៉ាល់យក្សដឹកកុងតឺន័រ​នេះ បានជាប់គាំងកាត់ទទឹងព្រែកជីកស៊ុយអេ ដោយមិនអាចឲ្យនាវានានាធ្វើនាវាចរណ៍បានឡើយ។ មុនដំបូង​ រដ្ឋាភិបាលអេហ្ស៊ីបបានខាតបង់ប្រាក់ចំណូល ក្នុងមួយថ្ងៃ ចំនួន១៤លានដុល្លារអាមេរិក។ ប៉ុន្ដែនៅពេលនេះ កប៉ាល់ជារបស់កម្មសិទ្ធិរបស់ជប៉ុន ប្រតិបត្ដិការដោយតៃវ៉ាន់ ដោតទង់ជាតិប៉ាណាម៉ា បានអូសចេញហើយ និងកំពុងនៅពាក់កណ្ដាលផ្លូវនៃព្រែកជីក ដែលតភ្ជាប់ពីសមុទ្រមីឌីទែរ៉ាណេ ទៅសមុទ្រក្រហម។​ នាវា Ever Green នេះ នឹងសំចត រហូត​​ដល់ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ត្រូវបានបញ្ចប់ រួមទាំងការត្រួតពិនិត្យសុវត្ថិ​ផ្នែកខាងមុខដែលបានបុកច្រាំងព្រែកជីកនោះ។ កប៉ាល់យក្សនេះ​បាន​ធ្វើនាវាចរណ៍ពីប្រទេសចិនឆ្ពោះទៅកាន់ប្រទេសហូល្លង់ ​មុននឹងជួបនឹងហេតុការណ៍បែបនេះ​។​

កប៉ាល់ Ever Green បានជាប់គាំងកាត់ទទឹងព្រែកជីកស៊ុយអេ តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ហើយបានបណ្ដាលឲ្យបិទផ្លូវនាវាចរណ៍ដ៏មមាញឹករបស់ពិភពលោក មិនអាចឆ្លងកាត់បាន អស់រយៈពេល៦ថ្ងៃ ទើបអាចរំដោះចេញវិញបាន ហើយបើកផ្លូវឲ្យនាវាផ្សេងចេញចូល​។

កប៉ាល់ Ever Green ​មានបណ្ដោយប្រវែង៤០០ម៉ែត្រ ទទឹង៥៩ម៉ែត្រ មានចំណុះ ២០០ ០០០តោន និងដឹកកុងតឺន័រ ២០ ០០០។ ដោយឡែក ព្រែកជីក Suez នេះ ត្រូវបានកសាងឡើង ចន្លោះពីឆ្នាំ១៨៥៩ ដល់១៨៦៩ ដោយកម្មករអេហ្ស៊ីប ប្រហែល១,៥លាននាក់ បានជីកព្រែកនេះ ហើយត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្ស ប្រហែល ១២០ ០០០នាក់បានស្លាប់។ ព្រែកជីកស៊ុយអេនេះ បាន​ផ្ដល់ហិរញ្ញវត្ថុ ដោយរដ្ឋាភិបាលបារាំង និងអេហ្ស៊ីប៕