រាជធានីភ្នំពេញ ៖ ផ្ទះកូនស្រីរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី ត្រូវក្រុមចោរ ធ្វើសកម្មភាពគាស់ចូលលួច លុយ ទូរស័ព្ទ iPhone ដាំពេជ្រ និងគ្រឿងអលង្ការដាំពេជ្រ សរុបគិតជាប្រាក់ ប្រមាណជិត១០ម៉ឺនដុល្លារ រួចក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ដោយសុវត្តិភាព ។


ករណីចោរកម្មនេះបានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ១១៥F ផ្លូវម៉ាស៊ីនទឹក ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមចោរបានចូលធ្វើសកម្មភាព ឡើងផ្លោះរបងបន្លាលួស ចូលផ្ដាច់ខ្សែភ្លើងដែលភ្ជាប់កាមេរ៉ាសុវត្ថិភាពខាងមុខផ្ទះ ហើយចូលទៅដោះកញ្ចក់ទ្វារ បើកទ្វារចូលក្នុងធ្វើសកម្មភាពរើកកាយ យករបស់ទ្រព្យមានតម្លៃ ដែលលុយដុល្លារ៧ពាន់ដុល្លារ និងលុយខ្មែរ ជាង៧លានរៀល, កាបូបតម្លៃ ជាង២ពាន់ដុល្លារ ចំនួន១, គ្រឿងអលង្ការ ខ្សែកពេជ្រចំនួន១ តម្លៃប្រហែល០៦ម៉ឺនដុល្លារ, ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក iPhone X ១គ្រឿង និងម៉ាក iPhone ដាំពេជ្រ តម្លៃជាង១ម៉ឺនដុល្លារ ១គ្រឿង) និងកាតធនាគារចំនួន ៣ទៀតផងដែរ ។


កូនស្រីរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា «យប់ម៉ិញចោរ បានចូលផ្ទះខ្ញុំយកកាបូបលុយ ទូរស័ព្ទ២គ្រឿង ខ្សែ.ក បើឃើញចោរវាយកខ្សែ.ក កាបូប និងទូរស័ព្ទដូចរូបខាងក្រោមជួយរាយការណ៍ឲ្យជាបន្ទាន់ (នេះជារូបចោរដែលបានចូលផ្ទះសូមប្រយ័ត្នទាំងអស់គ្នា) សុំជួយស៊ែរតគ្នាផង ដើម្បីចែករំលែក និងមានការប្រុងប្រយ័ត្ន» ។


ជុំវិញនឹងករណីចោរកម្មខាងលើនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋានខណ្ឌជ្រោយចង្វារ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់៕