រាជធានីភ្នំពេញ៖ ស្រ្ដីរ័យក្មេងម្នាក់ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពី​រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។

​ក្រសួងសុខាភិបាលកម្ពុជា​ បានឲ្យដឹង តាម​​របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  ថា ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ២៨ឆ្នាំ ​រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង ២ និង៤០នាទីរសៀល។

រាយការណ៍ដដែល បានបញ្ជាក់ថា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញ​វិជ្ជមាន នៃកូវីដ-១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើ​ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែលនោះ (នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១)។ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ តាំងពីចូលមកសម្រាកព្យាបាលដំបូង ដោយសារគាត់មានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះ ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។  បើទោះ​ជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមយ៉ាងណា ក៏​នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ ទីបំផុត​គាត់បាន​​បាត់បង់ជីវិត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង២ និង៤០នាទីរសៀល។

​ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំខាងលើនេះ បានស្លាប់​ដោយ​សារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតទាំងសងខាង បង្កឡើងដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ​៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ទាំងស្រុង ដូចខាងក្រោម៖