រាជធានីភ្នំពេញ៖ ពលរដ្ឋខ្មែរម្នាក់ទៀត ​រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានវិជ្ជមាននោះ បានស្លាប់ កាលពីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខណៈព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។​​

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញ​វិជ្ជមានកូវីដ១៩ ហើយ​​បានបញ្ជូនទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែលនោះ​។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ចាប់តាំងពីចូលសម្រាកដំបូង ហើយត្រូវបានក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បើទោះជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក្ដី ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ ទីបំផុត គាត់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង៤ និង៥០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវី១៩។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពផងដែរ៕