រាជធានីភ្នំពេញ៖ យោងទៅលើស្ថានភាពជាក់ស្តែង និងមើលឃើញថា បងប្អូនប្រជាពលរដ្ឋជាគ្រួសារ សាច់ញាតិរបស់កងទ័ពដែលបានទៅទទួលវ៉ាក់សាំងបង្កាការពារជំងឺកូវីដ១៩ ដ៏ច្រើនលើសលប់ នៅឯមន្ទីរពេទ្យព្រះកេតុមាលា រហូតធ្វើឲ្យមានការ បាត់បង់សណ្តាប់ធ្នាប់ នូវការអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលផងនោះ គណៈកម្មាធិការចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យព្រះកេតុមាលា បានស្នើសុំទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការអន្តរាគមន៍។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយទទួលបទបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា លោកក៏បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញចំនួន១៩នាក់ ចុះអន្តរាគមន៍ រៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនដែលទៅទទួលវ៉ាក់សាំង ឲ្យបំបែកការប្រមូលផ្តុំ គោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបានឆ្លៀតឱកាស ធ្វើការចាក់ផ្សាយនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរាដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង តាមរយៈឧគ្ឃោសនស័ព្ទ បំពាក់នៅលើម៉ូតូកង់បី ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ និងកំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ៕