(ភ្នំពេញ) ក្រុមហ៊ុន​​ ខ្មែរ ប៊ែវើរីជីស ធ្វើ​​ការ​​បរិច្ចាគ​​ទឹក​បរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយ​ធំ​ចំនួន​១៩៤០​កេស ជូនដល់ប៉ុស្តិ៍ត្រួត​ពិនិត្យចំនួន​១៩៤​ប៉ុស្តិ៍ នៅទូទាំងប្រទេស ដោយ​ប៉ុស្តិ៍នីមួយៗ​ទទួល​បាន​១០​កេស​ជា​រៀង​រាល់​ខែ​ ចាប់​ពី​ខែ​មីនា​ដល់​ខែធ្នូ ឆ្នាំ​២០២១។

 ការ​បរិច្ចាគ​​ទឹកបរិសុទ្ធ កម្ពុជា ដែល​​ជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានប្រគល់ដល់ដៃមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ដែល​កំពុង​សម្រួលចរាចរណ៍​យ៉ាងសស្រាក់សស្រាំ​ជូន​ពលរដ្ឋ​គ្រប់ពេលវេលា មិន​ថាយប់ ឬថ្ងៃ។

លោកស្រី​ គង់ កុសល​​ នាយិកា​ទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «​យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូម​រួមចំណែកគាំទ្រ និងលើកទឹកចិត្ត​ដល់​មន្ត្រីនគរបាលចរាចរណ៍ ដែល​​បាន​បំពេញ​​កាតព្វកិច្ច​​ថែរក្សាសណ្ដាប់ធ្នាប់​ចរាចរណ៍​ឲ្យ​មាន​របៀប​រៀបរយ​ជូន​​​ពលរដ្ឋជារៀងរាល់ថ្ងៃ។ យើងសង្ឃឹមយ៉ាងមុតមាំថា​ តាមរយៈ «ទឹកចិត្តកម្ពុជា» ដែលបានបរិច្ចាគទៅដល់ទីតាំងនៃប៉ុស្តិ៍ត្រួតពិនិត្យនានា គឺបានជួយសម្រាលភាពនឿយហត់ខ្លះៗ​អំឡុងពេលបំពេញការងារ»៕