ពេលវ័យកាន់តែចាស់ ទោះបីដឹងថា កាល់ស្យូម អាហារជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុ ចិញ្ចឹម ផ្សេងៗទៀតមានសារសំខាន់ចំពោះរាងកាយ តែកត្តាសង្គមរបៀបរបបរស់នៅអាចធ្វើឲ្យមនុស្សវ័យ ចំណាស់មិនអាចទទួលបានអ្វីទាំងនេះ និងនាំឲ្យជួបបញ្ហាខ្វះអាហារូបត្ថម្ភដែរ ។ ហើយកត្តាទាំងនោះរួមមាន៖

១. កត្តាហិរញ្ញវត្ថុ
ការមិនសូវមានប្រាក់កាសទិញអាហារហូបចុកឲ្យបានគ្រប់គ្រាន់ជា កត្តាមួយដែលធ្វើឱ្យមនុស្សវ័យ ចំណាស់ជួបបញ្ហាខ្វះអាហារូបត្ថម្ភ។ អ្វីទាំងនេះអាចថា មកពីយើងដល់វ័យចូលនិវត្តន៍មិនអាចរកប្រាក់ បាន ឬក៏អាចមកពីយើងត្រូវចំណាយច្រើនលើការព្យាបាលជំងឺ និងថ្នាំសង្កូវផ្សេងៗ ។

២. ចំណង់អាហារ
ដូចគ្នាដែរមនុស្សវ័យចំណាស់ខ្លះមិនជួបបញ្ហាហិរញ្ញវត្ថុទេ តែបែរជាមិនសូវចង់ញ៉ាំអាហារទៅវិញ ដែលការណ៍នេះក៏រួមចំណែកធ្វើឲ្យមនុស្សចាស់ញ៉ាំបានតិច និងនាំឲ្យខ្វះអាហារូបត្ថម្ភដូចគ្នា ។

៣. បញ្ហាធ្មេញ
ពេលឈានដល់វ័យមួយមនុស្សយើងធ្មេញក៏លែងមានដែរ។ ការបាត់បង់ធ្មេញធ្វើឲ្យមនុស្សចាស់ ពិបាកទំពាអាហារ។ ការមិនបានទំពាអាហារឲ្យបានម៉ត់ល្អក៏ជាមូលហេតុធ្វើឲ្យសរីរាង្គមិនអាចស្រូបយក សារធាតុចិញ្ចឹមពីអាហារបាននាំឲ្យជួបបញ្ហាខ្វះសារធាតុចិញ្ចឹមដូចគ្នា។

៤. ពិបាកលេបអាហារ
សមត្ថភាពក្នុងការលេបអាហារមានសារសំខាន់ណាស់ ក្នុងការផ្ដល់ដល់រាងកាយនូវសារធាតុ ចិញ្ចឹម ។ បញ្ហាពិបាកលេបអាហារអាចបណ្ដាលមកពីមនុស្សវ័យចំណាស់ជួបគ្រោះថ្នាក់ដាច់សរសៃឈាម ខួរក្បាល និងបញ្ហាសុខភាពមួយចំនួនទៀត ។

៥. ញ៉ាំតែឯង
មនុស្សចាស់ញ៉ាំអាហារម្នាក់ឯងអាចនឹងញ៉ាំអាហារបានតិច ដែលការញ៉ាំបានតិចនេះអាចប៉ះពាល់ ដល់បរិមាណសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ ។ ដើម្បីបង្កើនការញ៉ាំអាហារឲ្យបានច្រើនមនុស្សវ័យ ចំណាស់គួរមានគ្នាញ៉ាំបាយជាមួយដូចជា សមាជិកគ្រួសារ ឬអាចចែករំលែកអាហារជាមួយអ្នកជិតខាង ដើម្បីបានញ៉ាំជុំគ្នាជាដើម ។

កត្តាទាំងអស់នេះហើយ អាចធ្វើឲ្យមនុស្សវ័យចំណាស់ជួបបញ្ហាខ្វះអាហារូបត្ថម្ភ ហើយបើយើង ជាមនុស្សមានជំងឺប្រចាំកាយ ឬកំពុងប្រើប្រាស់ថ្នាំទៀតនោះ ក៏សុទ្ធតែជាកត្តាប្រឈមអាចធ្វើឲ្យខ្វះអាហារូបត្ថម្ភដែរ៕