កំណកកំបោរ តោងលើធ្មេញកើតឡើងនៅពេលដែលអ្នកមិនអនុវត្តអនាម័យមាត់ធ្មេញ ដូចជា ដុសសម្អាត ប្រើខ្សែរ៉ូតសម្អាតធ្មេញ និងខ្ពុរសម្អាតមាត់ ឲ្យបានត្រឹមត្រូវ និងទៀងទាត់។ កំណកកំបោរ ជាប់ ធ្មេញនេះ ធ្វើឲ្យធ្មេញមិនស្អាត និងធ្វើឲ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ដែលជាហេតុធ្វើឲ្យអ្នកគ្មានភាពទាក់ទាញ និងបាត់បង់ទំនុកចិត្តនៅក្នុងការញញឹមក៏ដូចជា ការប្រាស្រ័យទាក់ទងក្នុងសង្គម។ លើសពីនេះទៅទៀត មេរោគដែលពួនជ្រកនៅនឹងកំណកកំបោរជាមូលហេតុនាំឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ ដែលធ្វើឲ្យ អញ្ចាញហើមក្រហម ងាយចេញឈាម និងអាចវិវត្តទៅជាជំងឺរលាកជាលិកាជុំវិញធ្មេញ ដែលអាចធ្វើឲ្យមានខ្ទុះនៅតាមអញ្ចាញធ្មេញ អញ្ចាញធ្មេញហើម ជាលក្ខណៈធ្ងន់ធ្ងរ ធ្វើឲ្យធំក្លិនមាត់កាន់តែខ្លាំង និងធ្វើឲ្យ ធ្មេញងាយពុកឈានទៅរកការបាត់បង់ធ្មេញក៏ថាបាន។

ដូចនេះ អ្នកដែលកំពុងមានធ្មេញរុំព័ទ្ធដោយកំណកកំបោរមិនគួរបន្តឲ្យវានៅត្រាំត្រែងតទៅទៀតឡើយ ។ គួរទៅស្វែងរក ការយកកំណកកំបោរចេញ ដោយប្រើឧបករណ៍ទំនើបជាមួយអ្នកជំនាញ ។ ប៉ុន្តែ បើស្ថានភាពកំណកកំបោរស្រាលអ្នកអាចយកវាចេញដោយខ្លួនឯងបាន ។ ដោយប្រើវិធីងាយៗទាំងនេះ

– ម្សៅសូដា៖ យកច្រាសដុសធ្មេញជ្រលក់ឲ្យសើមទឹក ហើយយកម្សៅសូដា ដាក់ពីលើសរសៃច្រាសដុសធ្មេញ ហើយយកមកដុសធ្មេញ ដែលមានកំណកកំបោរ ដូចដែលអ្នកដុស ជាមួយថ្នាំដុសសម្អាតធ្មេញ អ៊ីចឹងដែរ ។ បន្ទាប់ពីដុសហើយខ្ពុរមាត់ ជាមួយទឹកត្រជាក់ ។

– ម្ស៉ៅសូដាជាមួយអំបិល៖ វិធីនេះ ក៏មានប្រសិទ្ធភាពដែរ ដោយអ្នកត្រូវយកម្ស៉ៅ សូដា ២ ស្លាបព្រា លាយ ជាមួយអំបិល ២ ស្លាបព្រា ច្របល់ចូលគ្នាឲ្យសព្វ ។ បន្ទាប់មក យកច្រាសដុសធ្មេញជ្រលក់ទឹកឲ្យសើម ហើយយកល្បាយដែលលាយ រួចដាក់លើសរសៃច្រាស រួចយកមកដុសធ្មេញដូចវិធីខាងលើដែរ៕