ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារអេស៊ីលីដាបានប្រកាសថា អតិថិជនរបស់ខ្លួនដែលធ្វើដំណើរទៅលេងឬឆ្លងកាត់ស្រុកវាលវែងទៅកាន់ព្រំដែនកម្ពុជា ថៃ នឹងលែងបារម្ភដោយសារធនាគារនឹងដាក់ដំណើរការបន្ទប់សេវាធនាគារស្វ័យប្រវត្តិ នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ ។ នៅថ្ងៃនេះបន្ទប់សេវាធនាគារស្វ័យប្រវត្តិមួយនេះ បានប្រកាសដាក់ដំណើរការជាផ្លូវការ និងត្រៀមដាក់ដំណើរការជាបន្តបន្ទាប់ទៀត ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា បន្ទប់សេវាធនាគារស្វ័យប្រវត្តិរបស់ធនាគារអេស៊ីលីដា ជាង៥០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ដំណើរការនៅចុងឆ្នាំ២០២១នេះ ដើម្បីបម្រើជូនអតិថិជនរបស់ធនាគារអេស៊ីលីដា ក្នុងការធ្វើប្រតិបត្តិការដោយខ្លួនឯង ។

លោកស្រីសុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថាទីតាំងទាំង ៥០ កន្លែងដែលគ្រោងដាក់អោយដំណើរការសេវាកម្មធនាគារស្វ័យប្រវត្តិនឹងដាក់ពង្រាយគ្រប់ទីកន្លែង ជាពិសេសតំបន់ប្រជុំជន ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនសំរាប់ការប្រើប្រាស់សាច់ប្រាក់របស់គាត់តាមតំរូវការបន្ថែមពីលើការប្រើប្រាស់តាមអេស៊ីដាម៉ូបាល ។ សំរាប់ទីតាំងអតិថិជន និងសារធារណជន អាចរកមើលបានលើ ហ្គូហ្គលម៉ែប (google map) ។ សំរាប់ម៉ាស៊ីននឹងដាក់ទៅតាមតំរូវការជាក់ស្តែងក្នុងតំបន់នីមួយៗ ។

https://1.bp.blogspot.com/-piCwXbpzxzU/YFMrxNvcQVI/AAAAAAAAhBg/iQKd8QhbUBIDZ3csfyE0fx3FXTqj0eyGwCLcBGAsYHQ/s2048/T2500038.JPGលោកស្រីបន្តថា អត្ថប្រយោជន៍ពីការបំពាក់បន្ទប់សេវាធនាគារស្វ័យប្រវត្តិ គឺត្រូវធានាអោយបាននូវសេចក្តីត្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឫកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀតដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។ អេស៊ីលីដាមានមោទនភាពដែលមានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយ វាចារ ចិត្តស្មោះស្ម័គ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដាបានឈានមុខមុនគេក្នុងការបំពាក់ម៉ាស៊ីនទំនើបបច្ចេកវិទ្យាចុងក្រោយ នៅកម្ពុជា ដោយបង្កើតនូវភាពលេចធ្លោរ និងទាន់សម័យសំរាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សំរាប់ដៃគូដែលមានការចរាចរណ៍ក្រដាស់ប្រាក់ច្រើនប្រភេទ ៕