រាជធានីភ្នំពេញ៖ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កាន់តែធ្ងន់ធ្ងរ ដែលតម្រូវ៌ឱ្យមានវិធានការកាន់តែមុតស្រួច។

បើយោងតាមមាត្រា៨ នៃច្បាប់នេះ សម្រាប់អ្នកបំពានលើវិធានការទប់ស្កាត់ជំងឺឆ្លងរបស់រាជរដ្ឋាភិបាល នឹងត្រូវផាកពិន័យ និងដាក់ទោសធ្ងន់ធ្ងរ ក្រោម «បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល»។ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ៕