ក្នុងជំនួប Klassiker រវាងក្រុម Dortmund និង Bayern Munich បានបញ្ចប់ទៅដោយក្រុមម្ចាស់ពានរង្វាន់ ៦ក្នុងមួយរដូវកាល Bayern Munich បានយកឈ្នះក្នុងលទ្ធផល ៤-២៕ ដោយក្នុងការប្រកួតនេះខ្សែប្រយុទ្ធពូកែរកគ្រាប់ Robert Lewandowski  ធ្វើបាន ៣គ្រាប់អោយ Bayern Munich ចំណែក ២គ្រាប់របស់ Dortmund គឺធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង Erling Haaland៕

២ គ្រាប់នេះ បានជួយអោយកីឡាករវ័យ ២០ឆ្នាំ Haaland បំបែកកំណត់ត្រាជាកីឡាកដែលអាចរកបាន ១០០គ្រាប់ លឿនជាកីឡាករផ្សេងទៀតនៃបណ្តាលីគកំពូលនៅអឺរ៉ុប ដោយចំណាយត្រឹមតែ ១៤៦ប្រកួត អាចរកបាន ១០០គ្រាប់៕ 

Haaland កំពុងតែបន្តបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយតែងតែរកគ្រាប់បាល់ជាញឹកញាប់ ជាពិសេសក្នុងរដូវកាលនេះបង្ហាញខ្លួនបានតែ ២៣ប្រកួតអោយ Dortmund រូបគេអាចសុតបញ្ចូលទីបាន ២៧គ្រាប់ ទៅហើយ៕