(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយសារតែស្ថានភាពជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។

បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។

បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា៕