បរទេស៖ រថយន្ដដឹកអ្នកដំណើរ បានបុកគ្នាជាមួយនឹងរថយន្ដដឹកក្រួស បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង១០នាក់ស្លាប់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅតំបន់ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជិតព្រំដែនប្រទេសម៉ិកស៊ិក។

មន្រ្ដីប៉ូលិសអាមេរិក បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន១៣នាក់ស្លាប់។ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានបង្កឡើង ដោយសាររថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តដឹកក្រួសខ្សាច់ដ៏ធំមួយគ្រឿង។

លោក ជូឌី គ្រូស (Judy Cruz) មន្ត្រីអាមេរិកមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃទីក្រុងអ៊ែលសេនត្រូ (El Centro) បានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើង ដោយសាររថយន្តមួយគ្រឿង ប្រភេទSUV ដឹកអ្នកដំណើរជាង២០នាក់ បុកជាមួយរថយន្តដឹកក្រួសដ៏ធំមួយ នៅក្បែរទីក្រុង El Centro រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រីឯអ្នកស្ថិតនៅក្នុងរថយន្ដដឹកអ្នកដំណើរ ដែលជួបនឹងហេតុការណ៍ សរុប២៥នាក់ រួមទាំងអ្នកបើកបរម្នាក់។

ប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា នៅក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់នោះ បានបណ្ដាលឲ្យមនុស្សចំនួន១៣នាក់ស្លាប់ ខណៈ១២នាក់ស្លាប់នៅកន្លែងកើត និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្ដែមានសារព័ត៌មានផ្សេងទៀត បានចុះផ្សាយថា មានមនុស្សស្លាប់ រហូតដល់១៥នាក់៕