ភ្នំពេញ ៖ ប្រិយមិត្ត ទស្សនិកជនខ្មែរភាគច្រើនប្រាកដជាស្គាល់ហើយពីតារាចម្រៀងប្រុសលោក អាន គុណកូឡា ខណៈលោកបានបាត់មុខពីវិស័យសិល្បៈអស់មួយរយៈ ជាពិសេសគឺការខកខានចេញបទចម្រៀងថ្មីៗ ដែលធ្លាប់តែបម្រើចំណឹអារម្មណ៍របស់អ្នកស្តាប់ ហើយកាលពីពេលថ្មីៗនេះស្រាប់តែលោកបង្ហាញវត្តមានជាថ្មីនៅក្នុងកម្មវិធីក្នុងស្រុកមួយ ដោយលោកបានបញ្ជាក់មូលហេតុដែលលោកបានចាកចេញពីសិល្បៈ និងលោកស្ទើរតែបញ្ចប់ជីវិតរបស់ខ្លួនថែមទៀតផង។


លោក អាន គុណកូឡា ដែលជាតារាចម្រៀង និងជាអាយដលក្នុងចិត្តរបស់មិត្តៗយុវវ័យនោះ បានរៀបរាប់ពីបទពិសោធន៍ជីវិតសិល្បៈ ស្របពេលដែលរូបលោកអាចចាត់ទុកបានថាជាសិល្បករចាស់វស្សាមួយព្រោះតែលោកធ្លាប់បានច្រៀងនៅក្នុងផលិតកម្ម M ក៏ដូចជាផលិតកម្ម Big Man ជាដើមមុនពេលដែលលោកបានមកកាន់ទ្រនំផលិតកម្មសាន់ដេ  ហើយបានវិលត្រឡប់ទៅកាន់ផលិតកម្ម M វិញ បន្ទាប់មករូបលោកផ្ទាល់ក៏បានបាត់វត្តមានឈឹងតែម្ដងពីវិស័យសិល្បៈ។


តារាចម្រៀងដែលធ្លាប់មានប្រជាប្រិយភាពរូបនេះបានលើកឡើងថា ហេតុតែលោកលែងបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈព្រោះតែលោកមានជំងឺបាក់ទឹកចិត្ត ហើយលោកបានបញ្ជាក់ថាបញ្ហានៃការបាក់ទឹកចិត្តនេះស្របពេលដែលការងារសិល្បៈរបស់លោកកំពុងតែដាំក្បាលចុះជាខ្លាំង ជាហេតុធ្វើឲ្យលោកអស់សង្ឃឹម លែងមានកម្លាំងជម្នះជាមួយនឹងការងារនេះតទៅទៀត លែងចង់ធ្វើអ្វីទាំងអស់ កុំថាឡើយតែចេញបទចម្រៀងថ្មី សូម្បីតែមិត្តភក្តិអញ្ជើញទៅចូលរួមក្នុងកម្មវិធី ក៏រូបលោកមិនបានទៅដែរ ហើយពេលនោះលោកថែមទាំងបានគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងថែមទៀតផង។


ក៏ប៉ុន្តែវាជាសំណាងល្អវិញដែលក្រោយៗមកលោកចាប់ផ្ដើមបើកចិត្ត ចេញក្រៅជួបគេ ជួបឯង និង ជួបមនុស្សថ្មីៗ ស្ដាប់កម្មវិធីអប់រំលើកទឹកចិត្ត ទើបធ្វើឲ្យលោកអាចត្រលប់មកក្រោកឈរជាថ្មីវិញបាន។


សូមរំលឹកឡើងវិញថា តារាចម្រៀងប្រចាំផលិតកម្ម M លោកអាន គុណកូឡា បានរៀបការ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ ជាមួយអ្នកជំនួញទិញលក់ត្បូងម្នាក់ឈ្មោះ សេក ថារ័ត្ន ដែលពិធីបានរៀបចំនៅបុរីផ្ល័ររ៉ា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

ប្រភព ៖  KBN Komsan