សំណួរខាងលើ ជាការចោទសួរពីសំណាក់អ្នកតាមដានសង្គមមួយចំនួន ក្រោយពីឃើញមហាជនជាច្រើនបានបញ្ចេញទស្សនៈបែបចំអកឲ្យឧក្រិដ្ឋជនម្នាក់ក្នុងចំណោមឧក្រិដ្ឋន៤នាក់ ដែលត្រូវបានកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាញ់ស្លាប់ក្នុងការបាញ់តដៃគ្នាក្នុងហេតុការណ៍ចាប់ជំរិតនិងប្លន់ប៉ងសម្លាប់ជនរងគ្រោះជាអតីតប្រធានអគ្គិសនីសាខាខេត្តកំពង់ចាម និងជាអ្នកដេញថ្លៃអគ្គិសនីនៅតាមបណ្តាខេត្តនានាផងដែរ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០១ មីនា ២០២១ នៅក្នុងបុរីអង្គរភ្នំពេញ ស្ថិតក្នុងខណ្ឌសែនសុខ។

ក្រោយហេតុការណ៍ដ៍រញ្ជួយមេឃកើតឡើង ក្រុមអ្នកតាមដានមួយចំនួនយល់ឃើញផ្ទាល់ខ្លួនថា ការរកយុត្តិធ៏មសម្រាប់ជនរងគ្រោះ ការស្អប់ខ្ពើមអំពើឧក្រិដ្ឋ ឬទុច្ចរិត និងការគោរពសិទ្ធិមនុស្ស រាប់ទាំងការគោរពសាកសព ជាការសម្រេចនិងយល់ឃើញដោយបុគ្គលនីមួយៗ ដោយផ្អែកសំខាន់ទៅលើច្បាប់និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ។

ប៉ុន្មានម៉ោងក្រោយការបង្រ្កាបរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងការស្លាប់របស់ក្រុមឧក្រិដ្ឋជន ពិសេសឧក្រិដ្ឋជនឈ្មោះ អ៉ឹម សុវណ្ណរិទ្ធ គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញរូបភាពនិងសំណេររបស់អាក់ខោនសាកសព(គណនី អ៉ឹម សុវណ្ណរិទ្ធ) និងបុគ្គលខ្លះបានវាយប្រហារនិងចំអកឲ្យឧក្រិដ្ឋជនយ៉ាងចាស់ដៃ និងប្រើពាក្យអសុរោះជាដើម ។

ជាការពិតនៅលើលោកនេះ គ្មាននរណាម្នាក់គាំទ្រអំពើឧក្រិដ្ឋនោះទេ ហើយអ្វីដែល KBN News លើកឡើងនេះ មិនមែនគាំទ្រឧក្រិដ្ឋជននោះទេ គ្រាន់តែចង់ឲ្យមានការគោរពសិទ្ធិបុគ្គល សេចក្តីថ្លៃថ្នូរនិងគុណធ៏ម ដែលប្រជាជាតិខ្មែរតែងឲ្យតម្លៃនិងគោរពគ្នាទៅវិញទៅមកតាំងពីបូរាណាចារ្យ ទោះអ្នកនោះប្រព្រឹត្តបទល្មើស ឬ សាងអំពើបាប ឬអំពើជាកុសលតាមលទ្ធិកម្មផលបែបព្រះពុទ្ធសាសនានោះក្តី ។

នៅកម្ពុជា បើនិយាយពីអំពើឃោរឃៅព្រៃផ្សៃកាប់សម្លាប់មនុស្សសាហាវបំផុតក្នុងសតវត្សទី២០ គឺគ្មានរបបណាសាហាវយង់ឃ្នងជាងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម ឬ ប៉ុល ពត)នោះទេ ស្រាប់តែមេដឹកនាំខ្មែរក្រហមមួយចំនួនដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបប៣ថ្ងៃ ៨ខែនិង២០ថ្ងៃនេះ ត្រូវបានវ៉ៃខ្នោះនិងឃុំខ្លួនក្នុងពន្ធនាគារ ពលរដ្ឋខ្មែរភាគច្រើនដែលឆ្លងកាត់និងទទួលការឈឺចាប់ក្នុងរបបប៉ុលពត ហាក់មិនសូវចាប់អារម្មណ៍ ឬ មិនបញ្ចេញកំហឹងគុំគួនហួសប្រមាណ ព្រោះទំនងជាពួកគាត់យល់ថា បើចង់ហក់ទៅអារ.កមេដឹកនាំខ្មែរក្រហមទាំងនោះ ក៍ឪពុកម្តាយក្រុមគ្រួសារនិងសាច់ញាតិគាត់មិនអាចរស់ឡើងវិញបានទេ អីចឹងមានតែអហោសិកម្មឲ្យទៅ ។

ងាកមកមេឧក្រិដ្ឋជន អ៉ឹម សុវណ្ណរិទ្ធ វិញ គេឃើញមានការថ្កោលទោស ដាក់បណ្តាសា និងចំអក រហូតដល់ឪពុកម្តាយសាច់ញាតិមិនហ៊ានចេញមុខទៅយកសពធ្វើបុណ្យ ព្រោះតែកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។

បើតាមអ្នកច្បាប់ គ្រួសារឧក្រិដ្ខជនអាចដាក់ពាក្យប្តឹងបុគ្គលទាំងឡាយណាដែលប្រមាថសាកសពបាន ព្រោះមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា២៦១ ។ សូមពលរដ្ឋខ្មែរគោរពសិទ្ធិបុគ្គលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បុគ្គលណាប្រព្រឹត្តខុសច្បាប់ ត្រូវទទួលទោសតាមច្បាប់ ៕