រាជធានីភ្នំពេញ៖ នាវេលាម៉ោង១១ថ្ងៃត្រង់ ទី០១ ខែមីនា ឆ្នាំ២០២១ មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

យ៉ាងណាមិញយោងតាមដំណើររឿងពីប្រភពព័ត៌មានបឋមបានឲ្យដឹងថា ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ជាអ្នកជំនួញដេញថ្លៃផ្គត់ផ្គង់អគ្គីសនី ហើយជនសង្ស័យទាំង៤នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួកដើម្បីប្លន់សម្លាប់ និងជំរិតទារប្រាក់ ១លានដុល្លារ តែដោយសារតែជនរងគ្រោះបានដឹងព័ត៌មានមុន ដោយមានអ្នកប្រាប់មុន ទើបប្ដឹងទៅកម្លាំងសមត្ថកិច្ចរងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួកជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំ នៅក្នុងផ្ទះរងគ្រោះ រួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង ។

ដោយសារបក្ខពួកធ្លាប់ជាអតីតតៃកុងឡានរបស់ជនរងគ្រោះទើបស្គាល់ផ្ទះជនរងគ្រោះម្ចាស់ និងសន្តិសុខបុរីអនុញ្ញាតឲ្យចូល។ ខណៈចូលមកដល់ផ្ទះជនរងគ្រោះ ពួកគេក៏ធ្វើសកម្មភាព ផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច បានប្រើប្រាស់សិទ្ធការពារខ្លួន បណ្ដាលឱ្យជនសង្ស័យទាំងស្លាប់ទាំងអស់ ៕