ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញដំណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន ១០នាក់ ពីស្រុកកំពង់លែង ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ ទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីរាជធានីភ្នំពេញ ហើយដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ នេះបើតាមលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្នករណីនាំយកមនុស្សចំនួន ១០នាក់ គឺយកពួកគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យក៏កំពុងធ្វើតេស្តពួកគាត់រកកូវីដ១៩ ផងដែរ។

លោក ប្រាក់ វុន បានបន្តថា «ក្រោយពីយកសំណាកបញ្ជូនទៅភ្នំពេញលទ្ធផលយើងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះ គឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ នោះទេ ដោយគ្រាន់តែគាត់មានពាក់ព័ន្ធ នឹងទីតាំងខាងលើតែប៉ុណ្ណោះ»

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីទាំង៦៣កន្លែង សូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យជំងឺកូវីដ រាលដាលចូលក្នុងសហគមន៍។

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា​ ៕