រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ចេញពីផ្ទះ ធ្វើឲ្យបុរសជាឪពុកខំដើរស្វែងរកអស់រយៈពេលជាច្រើនថ្ងៃឡើងសោះខ្យល់ លុះបានជួប ស្រាប់តែកូនបដិសេធមិនទទួលស្គាល់ឪពុកខ្លួនឯងទៅវិញ ទើបបុរសជាឪពុកស្នើឱ្យសមត្ថកិចជួយឃាត់ខ្លួន ហៅសាច់ញាតិមកយកកូនប្រុសត្រឡប់ទៅផ្ទះវិញ។

ករណីនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ បុរសដែលរត់ចេញពីផ្ទះ និងមិនទទួលស្គាល់ឪពុកនេះ ឈ្មោះកែបម៉ៃ ឆព្វណ្ណរង្សី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រាំងលាន ឃុំចំបក ស្រុកបាទី ខេត្តតាកែវ។

បុរសជាឪពុក បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ កូនប្រុសបានចាកចេញពីផ្ទះនៅខេត្តតាកែវ ដោយគ្មានមូលហេតុ ធ្វើឲ្យក្រុមគ្រួសារបារម្ភជាខ្លាំង ចែកផ្លូវគ្នាដើររក ហើយគាត់ជាឪពុកដើររកជាច្រើនថ្ងៃ លុះរកនៅចំណុចវត្តភ្នំនៅរាជធានីភ្នំពេញ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន តែកូនប្រុសមិនទទួលស្គាល់គាត់ជាឪពុករបស់ខ្លួន ហើយមិនព្រមត្រឡប់ទៅជាមួយគាត់ឡើយ ទើបគាត់សុំអន្តរាគមន៍ពីសមត្ថកិច្ច ឱ្យជួយឃាត់កូនរបស់ខ្លួន ដើម្បីគាត់ជាឪពុកងាយ នាំកូន ត្រូឡប់យកទៅខេត្តតាកែវវិញ៕