បរទេស ៖ លោក Moussa Mondo ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអ៊ីដ្រូកាបូន របស់ប្រទេសកុងហ្គោ ត្រូវ ស្រីជាម្ចាស់ហាង មួយកន្លែងនៅក្រុង Lingwala បានសម្រេចប្តឹង ពីបទផឹកស៊ី មិនឲ្យលុយគ្រប់។

យោងតាមសារព័ត៌មានក្នុងស្រុក Politico CD បានផ្សាយថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្រ្តីឈ្មោះ Bijou Malanga បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្ត្រី Moussa Mondo បានជំពាក់លុយខ្លួនចំនួន១១០០ដុល្លារអាមេរិក។

ស្រ្តីជាម្ចាស់ហាងរូបនេះ បានបញ្ជាក់ថា នាអំឡុងនៃពិធីបុណ្យរំលឹកខួបនៃអំពើឃាតកម្មលើអតីតប្រធានាធិបតី លោក Laurent-Desire Kabila កាលពីថ្ងៃទី១៦ ខែមករា លោកឧបនាយករដ្ឋមន្ត្រី Mondo បានទៅហាងរបស់ខ្លួន ជាមួយមន្ត្រីមួយចំនួនទៀត ដោយគាត់បានកុម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ និងច្រៀងខារ៉ាអូខេ ផងដែរ។

លុះពេលគិតលុយអស់ចំនួន១៧៥០ដុល្លារ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីចេញតែ៦៥០ដុល្លារប៉ុណ្ណោះ ដោយនៅជំពាក់១ ១០០ដុល្លារទៀតមិនព្រមសង ទើបអ្នកស្រីដាក់ពាក្យប្តឹងតែម្តង៕