បរទេស៖ ក្រោយពេលចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោក ចូ បៃដិន (Joe Biden) បានប្រកាសអំពីការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋចំនួន១០០លាននាក់ ត្រឹមរយៈពេល១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក ប៉ុន្ដែនៅពេលនេះ លោកបានបន្ដសន្យាថា ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ​ នៅត្រឹមពាក់កណ្ដាលរដូវក្ដៅ។

បើតាមសារព័ត៌មាន Washington Times បានផ្សាយ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានប្រកាស កាលពីវេលាខាងលើនេះថា ប្រជាពលរដ្ឋអាមេរិកាំងទាំងឡាយណា ចង់ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ពួកគេនឹងអាចចាក់ជាលើកទីមួយ នៅពាក់កណ្ដាលរដូវក្ដៅខាងមុខនេះ។ លោកប្រធានាធិបតីបានកំណត់យ៉ាងច្បាស់លាស់ អំពីយុទ្ធនាការជាចម្បងលើការចាក់វ៉ាក់សាំង នៅក្នុង​តំណែងជាប្រធានាធិបតីរបស់លោក​។​

លោកប្រធានាធិបតី បៃដិន បានថ្លែងសំដៅទៅលើកិច្ចព្រមព្រៀងថ្មីៗ ដោយធានាថា យ៉ាងហោចណាស់​ វ៉ាក់សាំងបង្ការកូវីដ ចំនួន៦០០លានដូស មកពីក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna សម្រាប់ការចាក់ទៅលើមនុស្សម្នាក់ ដែល​ត្រូវការចាក់ចំនួន២ដូស។ រីឯកម្រិតនៃការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដនេះ នឹងត្រូវចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ជាង៣៣០លាននាក់ កំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។​

ដោយឡែកវ៉ាក់សាំងរបស់ក្រុមហ៊ុន​ Johnson & Johnson ប្រើប្រាស់តែមួយដូសគត់ សម្រាប់ចាក់ទៅលើមនុស្សម្នាក់។ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ​អាចនឹងចាក់ទៅលើប្រជាពលរដ្ឋអាមេរិក នៅដើមខែមីនាខាងមុខ​។​

លោកប្រធានាធិបតី Biden ​បានបញ្ជាក់ថា សាលារៀនគួរតែអាចបើក​ដំណើរការឡើងវិញ នៅក្រោយពេលលោកឡើងកាន់តំណែងបាន រយៈពេល១០០ថ្ងៃដំបូងរបស់លោក។ ដោយឡែកសហគមន៍ជនជាតិស្បែកខ្មៅ ក៏មានអាទិភាព សម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ តាមរយៈ មជ្ឈមណ្ឌលសុខភាពសហគមន៍នានាផងដែរ។

បើតាមសារព័ត៌មាន VOA បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា​ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា បើគិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ CDC​ បានគ្រប់គ្រងវ៉ាក់សាំងជាង៥០លានដូស នៅក្នុងប្រទេស (សហរដ្ឋអាមេរិក)  ហើយបានចែកចាយវ៉ាក់សាំងប្រហែល៦៩,៩លានដូលផ្សេងទៀត។​​

CDC បានបន្ថែមថា បើគិតត្រឹមវេលាខាងលើ មានប្រជាពលរដ្ឋអាមេរិក ជាង៣៧លាននាក់បានទទួលការចាក់វ៉ាក់សាំងម្ដងរួចមកហើយ និងជាង១៣លាននាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំង ចំនួន២លើក (មនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងនេះចំនួន២លើក)។

បើតាម CDC បានឲ្យដឹងទៀតថា ក្នុងរយៈពេល២៤ថ្ងៃ នៃការឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន គឺប្រជាពលរដ្ឋអាមេរិកជាង៥០លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយ។ ប៉ុន្ដែក្នុងចំណោមអ្នកទទួលការចាក់វ៉ាក់សាំងទាំងនោះ រួមមាន ជាង១៣លានាក់បានចាក់វ៉ាក់សាំងចំនួន២ដងរួចមកហើយ និងជាង៣៧លាននាក់ ទើបតែចាក់វ៉ាក់សាំងបង្ការកូវីដបានម្ដងប៉ុណ្ណោះ។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកមិនត្រឹមតែជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ច និងយោធាប៉ុណ្ណោះទេ សូម្បីតែវ៉ាក់សាំងបង្ការកូវីដ-១៩ សហរដ្ឋអាមេរិក មានក្រុមហ៊ុនផលិតវ៉ាក់សាំងល្បីៗ រហូតដល់ទៅ៤ នៅក្នុងចំណោមក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ល្បីៗ ចំនួន៧ នៅលើពិភពលោក។ រីឯក្រុមហ៊ុនផលិតវ៉ាក់សាំងល្បីរបស់អាមេរិកទាំងនេះ រួមមាន ក្រុមហ៊ុន Pfizer (សហការផលិតជាមួយក្រុមហ៊ុនអាល្លឹម៉ង់ BioNTech) ក្រុមហ៊ុន Moderna ក្រុមហ៊ុន Novavax និងក្រុមហ៊ុន Johnson & Johnson ។ ចំណែកឯវ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុនទាំងនេះ សុទ្ធមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាងវ៉ាក់សាំងរបស់ចិន។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើទឹកដីសហរដ្ឋអាមេរិក មានករណីឆ្លងថ្មី ​នៃជំងឺកូវីដ-១៩ ចំនួន ៦៣ ២៤៣នាក់ និងករណីស្លាប់ថ្មី ចំនួន ១ ៧៣៧នាក់។ ប៉ុន្ដែបើគិតតាំងពីការផ្ទុះឡើងដំបូង នៃជំងឺកូវីដ១៩ នៅទីក្រុងវូហាន (ចិនអានអ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន នៅក្នុងអំឡុងឆ្នាំ២០១៩ ហើយបន្ដឆ្លង ​រហូតមកដល់វេលាខាងលើនេះ នៅលើសហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ២៨ ៣៨១ ០៦៥នាក់ ស្លាប់ ៤៩៩ ៩៤១នាក់ អ្នកព្យាបាលជាសះស្បើយ ១៨ ៤៧៧ ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៩ ៤០៣ ៨៣៥នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៨ ៧១៦នាក់៕