បរទេស៖ ក្រោយពេលប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយជាអាទិភាព ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានោះមក រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ មានការថយចុះខ្លាំង ដោយមានករណីស្លាប់ថ្មី ជាង១ ៧០០នាក់ និងឆ្លងថ្មី ជាង ៦ ០០០នាក់ ខណៈពីមុនមានករណីឆ្លងប្រចាំថ្ងៃ ចន្លោះពី១៨ម៉ឺននាក់ទៅជាង២០ម៉ឺននាក់ និងស្លាប់ចន្លោះពី ៣ ០០០ទៅជាង៤ ០០០នាក់។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោយពេលចូលស្បថ ឡើងកាន់តំណែងជាប្រធានាធិបតីភ្លាម លោកបានដាក់ចេញផែនការជាអាទិភាពបំផុតទៅលើការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (ហៅកាត់ កូវីដ-១៩= Coronavirus Disease 2019) ។ ភ្លាមៗនោះ លោកប្រធានាធិបតីបានថ្លែងទៅកាន់ប្រជាជាតិរបស់ខ្លួនថា ក្នុងរយៈពេល១០០ថ្ងៃ នៃការកាន់តំណែងជាលើកដំបូងរបស់លោក គឺប្រជាពលរដ្ឋអាមេរិកាំង១០០លាននាក់ ត្រូវតែទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ។

បើតាមសារព័ត៌មាន VOA បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា​ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា បើគិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ CDC​ បានគ្រប់គ្រងវ៉ាក់សាំងជាង៥០លានដូស នៅក្នុងប្រទេស (សហរដ្ឋអាមេរិក)  ហើយបានចែកចាយវ៉ាក់សាំងប្រហែល៦៩,៩លានដូលផ្សេងទៀត។​​

CDC បានបន្ថែមថា បើគិតត្រឹមវេលាខាងលើ មានប្រជាពលរដ្ឋអាមេរិក ជាង៣៧លាននាក់បានទទួលការចាក់វ៉ាក់សាំងម្ដងរួចមកហើយ និងជាង១៣លាននាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំង ចំនួន២លើក (មនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងនេះចំនួន២លើក)។

បើតាម CDC បានឲ្យដឹងទៀតថា ក្នុងរយៈពេល២៤ថ្ងៃ នៃការឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន គឺប្រជាពលរដ្ឋអាមេរិកជាង៥០លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយ។ ប៉ុន្ដែក្នុងចំណោមអ្នកទទួលការចាក់វ៉ាក់សាំងទាំងនោះ រួមមាន ជាង១៣លានាក់បានចាក់វ៉ាក់សាំងចំនួន២ដងរួចមកហើយ និងជាង៣៧លាននាក់ ទើបតែចាក់វ៉ាក់សាំងបង្ការកូវីដបានម្ដងប៉ុណ្ណោះ។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកមិនត្រឹមតែជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ច និងយោធាប៉ុណ្ណោះទេ សូម្បីតែវ៉ាក់សាំងបង្ការកូវីដ-១៩ សហរដ្ឋអាមេរិក មានក្រុមហ៊ុនផលិតវ៉ាក់សាំងល្បីៗ រហូតដល់ទៅ៤ នៅក្នុងចំណោមក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ល្បីៗ ចំនួន៧ នៅលើពិភពលោក។ រីឯក្រុមហ៊ុនផលិតវ៉ាក់សាំងល្បីរបស់អាមេរិកទាំងនេះ រួមមាន ក្រុមហ៊ុន Pfizer (សហការផលិតជាមួយក្រុមហ៊ុនអាល្លឹម៉ង់ BioNTech) ក្រុមហ៊ុន Moderna ក្រុមហ៊ុន Novavax និងក្រុមហ៊ុន Johnson & Johnson ។ ចំណែកឯវ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុនទាំងនេះ សុទ្ធមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាងវ៉ាក់សាំងរបស់ចិន។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើទឹកដីសហរដ្ឋអាមេរិក មានករណីឆ្លងថ្មី ​នៃជំងឺកូវីដ-១៩ ចំនួន ៦៣ ២៤៣នាក់ និងករណីស្លាប់ថ្មី ចំនួន ១ ៧៣៧នាក់។ ប៉ុន្ដែបើគិតតាំងពីការផ្ទុះឡើងដំបូង នៃជំងឺកូវីដ១៩ នៅទីក្រុងវូហាន (ចិនអានអ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន នៅក្នុងអំឡុងឆ្នាំ២០១៩ ហើយបន្ដឆ្លង ​រហូតមកដល់វេលាខាងលើនេះ នៅលើសហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ២៨ ៣៨១ ០៦៥នាក់ ស្លាប់ ៤៩៩ ៩៤១នាក់ អ្នកព្យាបាលជាសះស្បើយ ១៨ ៤៧៧ ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៩ ៤០៣ ៨៣៥នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៨ ៧១៦នាក់៕