ទីភ្នាក់ងារស្ថិតិសហភាពអ៊ឺរ៉ុប បាននិយាយថា ប្រទេសចិនកាលពីឆ្នាំទៅ បានវ៉ាដាច់សហរដ្ឋអាមេរិក ខណៈជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់សហភាពអឺរ៉ុប។ ទីភ្នាក់ងារ បាននិយាយថា ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេស លែងជាសមាជិកនៃសហភាពអឺរ៉ុបទៀតឡើយ ដែលជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ សម្រាប់ប្លុកអឺរ៉ុប ស្ថិតនៅបន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។ ភាពលេចធ្លោរបស់ប្រទេសចិន បានកើតឡើងបន្ទាប់ពីប្រទេសនេះបានទទួលរងពីជំងឺរាតត្បាតកូវិត-19 ក្នុងអំឡុងត្រីមាសទី ១ ប៉ុន្តែបានងើបឡើងវិញ នៅចុងឆ្នាំ ២០២០ ។ ការផ្លាស់ប្តូរនេះ បានជួយជំរុញការលក់ផលិតផលសហភាពអឺរ៉ុប ជាពិសេសនៅក្នុងវិស័យរថយន្ត និងទំនិញប្រណីត ខណៈដែលការនាំចេញរបស់ចិន ទៅកាន់សហភាពអឺរ៉ុប ទទួលបានអត្ថប្រយោជន៍ ពីតំរូវការខ្ពស់សម្រាប់ឧបករណ៍វេជ្ជសាស្រ្ត និងគ្រឿងអេឡិចត្រូនិច។

សហភាពអឺរ៉ុប និងប្រទេសចិន កំពុងស្វែងរកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគ ដែលបានចរចារជាយូរ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុនសហភាពអឺរ៉ុប ចូលទៅកាន់ទីផ្សារប្រទេសចិនបានកាន់តែប្រសើរ។ ស្ថិតិសហភាពអឺរ៉ុប បាននិយាយថា ទំហំពាណិជ្ជកម្មជាមួយប្រទេសចិន បានកើនឡើងដល់ ៥៨៦ ពាន់លានអឺរ៉ូ ឬ ៧១១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដោយប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក មានចំនួនត្រឹមតែ ៥៥៥ ពាន់លានអឺរ៉ូ ឬ៦៧៣ ពាន់លានដុល្លារអាមេរិក។

ទីភ្នាក់ងារ បាននិយាយថា ការនាំចេញរបស់សហភាពអឺរ៉ុបកើនឡើង ២,២ ភាគរយ ដល់ ២០២,៥ ពាន់លានអឺរ៉ូ ខណៈពេលដែលការនាំចូលពីសាធារណរដ្ឋប្រជាមានិតចិន បានកើនឡើង ៥,៦ ភាគរយដល់ ៣៨៣,៥ ពាន់លានអឺរ៉ូ។ ការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ 13.2 ភាគរយ ក្នុងអំឡុងពេលដូចគ្នា ហើយកានាំចូលមានចំនួន8.2 ភាគរយ។