ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ២ ចុះបង្រ្កាបក្រុមក្មេងទំនើង២៨នាក់ ជិះម៉ូតូអូសដាវសាំម៉ូរ៉ៃ ដេញប្រណាំងគ្នាប្រសាចតាមផ្លូវ បង្កអនាធិបតេយ្យទាំងយប់អធ្រាត្រ បង្កឱ្យប្រជាពលរដ្ឋភ័យខ្លាច និងបានដកហូតគ្រឿងញៀន០៧កញ្ចប់ថែមទៀត កាលពីវេលាម៉ោង០១និង៣០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

គឺមានក្រុមក្មេងទំនើង ០១ក្រុមជិះម៉ូតូចំនួន១២គ្រឿងដេញប្រណាំងគ្នាប្រសាចតាមផ្លូវហើយអូសដាវសាំម៉ូរ៉ៃពេញថ្នល់ខណៈនោះក៏បានជួបប្រទះជាមួយកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យកំពុងចេញល្បាត ដោយឃើញសកម្មភាពបែបនោះកម្លាំងនគរបាលក៏បានចាប់ឃាត់ក្មេងទំនើងទាំងនោះឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន០៧កញ្ចប់រួមនិងអាវុធជាប្រភេទកាំបិទកែច្នៃ ដាវសាំម៉ូរ៉ៃនិងជំពាមកៅស៊ូសរុប០៦ និងដុំថ្ម០៧គ្រាប់រួមនិងដែកថ្នាំង០១ដើមនិងម៉ូតូ១២គ្រឿងផងដែរ។

មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឱ្យដឹងថា ក្នុងចំណោមក្មេងទំនើងទាំង២៨នាក់នោះ មានមុខសញ្ញាមួយចំនួនដែលសង្ស័យធ្លាប់ធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្រជាពលរដ្ឋ ដើម្បីប្លន់យកម៉ូតូ និងខ្លះទៀតជាមុខសញ្ញាឆក់ផងដែរ ត្រូវឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ចំពោះក្មេងទំនើងណារកឃើញថាជាប់ពាក់ព័ន្ធជាមុខសញ្ញាប្រព្រឹត្តបទល្មើសខុសច្បាប់ត្រូវបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។ ចំណែកមួយចំនួនទៀតមិនធ្លាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីពីមុន ត្រូវអប់រំធ្វើកិច្ចសន្យា និងហៅអាណាព្យាបាលឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញដើម្បីអាណាព្យាបាលអប់រំបន្ត។

បញ្ហាក្មេងទំនើងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មីៗនេះបានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំង១៤ខណ្ឌ និងកម្លាំងការិយាល័យជំនាញ ត្រូវតែចាត់វិធានការឱ្យមានប្រសិទ្ធភាពបង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើងដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ដោយមិនត្រូវយោគយល់ឡើយ ទោះកូនអ្នកមាន ឬអ្នកធំក៏ដោយ៕