ក្រុមហ៊ុន Facebook បាននិយាយថា ក្រុមហ៊ុនបានដកចេញទំព័រមួយ ដែលជាប់ទាក់ ទងទៅនឹងបណ្តាញទូរទស្សន៍ដែលគ្រប់គ្រងដោយយោធា របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ នៅសប្តាហ៍នេះ ធ្វើឡើងដោយមេដឹកនាំយោធារបស់ប្រទេស។ កាលពីមុន អ្នកស៊ើបអង្កេតសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយថា ការនិយាយពាក្យស្អប់នៅលើទំព័រ Facebook បានធ្វើឲ្យមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កអំពើហឹង្សា នៅប្រទេសមីយ៉ាន់ម៉ា។ វេទិកានេះ បានហាមឃាត់បណ្តាញទូរទស្សន៍នៅក្នុងឆ្នាំ ២០១៨ ។

អ្នកនាំពាក្យនិយាយថា ក្រុមហ៊ុន Facebook កំពុងចាត់ទុកស្ថានភាពប្រទេសមីយ៉ាន់ម៉ា ថាជាភាពអាសន្ននិងចាត់វិធានការបណ្តោះអាសន្ន ដើម្បីការពារប្រឆាំងនឹងការធ្វើទុកបុកម្នេញ ដូចជាការដកមាតិកា ដែលសរសើរ ឬគាំទ្ររដ្ឋប្រហារ។ ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ា ចំនួន ៥៣ លាននាក់ ប្រើប្រាស់Facebook ។

ក្រសួងព័ត៌មាន បាននិយាយថា យោធាបានព្រមាន ទៅនឹងការចុះផ្សាយបង្ហោះ នូវអ្វីដែលខ្លួនបាននិយាយថា ជាពាក្យចចាមអារាម នៅលើបណ្តាញ សង្គម ដែលអាចញុះញង់ឲ្យមានកុប្បកម្ម និងបង្កអស្ថិរភាព រយៈពេលមួយថ្ងៃបន្ទាប់ពីកងទ័ព បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ។

កន្លងមក ក្រុមហ៊ុន Facebook បាននិយាយថា វាយឺតពេលក្នុងការធ្វើសកម្មភាពការពារព័ត៌មានមិនពិត និងភាពស្អប់ខ្ពើម នៅក្នុងប្រទេស។ កាលពីថ្ងៃច័ន្ទ យោធាមីយ៉ាន់ម៉ា បានប្រគល់អំណាចដល់នាយឧត្តមសេនីយ មេបញ្ជាការយោធាជាន់ខ្ពស់ លោក Min Aung Hlaing និងបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោត និងជាអ្នកទទួលរង្វាន់ណូបែល លោកស្រី អ៊ុង សានស៊ូជី ដោយនិយាយថាខ្លួនបានឆ្លើយតប នឹងអ្វីដែលចាត់ទុកថាជាការបន្លំក្នុងការបោះឆ្នោត។

ក្រុមហ៊ុន Facebook និយាយថា ក្រុមហ៊ុន បានហាមឃាត់ បុគ្គលយោធា និងស្ថាប័នរបស់ប្រទេស មីយ៉ាន់ម៉ា ចំនួន២០រូប ក្នុងឆ្នាំ ២០១៨ រួមមានទាំង បណ្តាញទូរទស្សន៏ Myawaddy និងលោក Min Aung Hlaing ។ អ្នកនាំពាក្យ ក្រុមហ៊ុន Facebook បាននិយាយថាក្រុមហ៊ុន កំពុងដកព័ត៌មានមិនពិតដែលអាចផ្តល់ហានិភ័យអំពើហឹង្សាដែលអាចកើតមាន រួមទាំងការអះអាងអំពីការលួចបន្លំសន្លឹកឆ្នោត។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Rafael Frankel នាយកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុន Facebook ប្រចាំតំបន់អាស៊ីអាគ្នេយ៏ បាននិយាយថា យើងកំពុងតាមដានយ៉ាងដិតដល់ នូវព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពួកគេបានបង្ហាញនិងកំពុងចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់ព័ត៌មានមិនពិត និងមាតិកា ដែលអាចបង្កភាពតានតឹងបន្ថែមទៀតនៅពេលនេះ។