ថៃ ៖ រដ្ឋាភិបាលថៃបានធ្វើការរាយការណ៍មកថា មានអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៧៩៥ករណី នៅថ្ងៃពុធនេះ ដោយក្នុងនោះមាន៧៨៣ករណី ជាករណីឆ្លងនៅក្នុងសហគមន៍ និង១២ករណីទៀតជាករករណីនាំចូល។

យ៉ាងណាមិញអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩លោក Taweesilp Visanuyothin បានលើកឡើងថាក្នុងចំណោមករណីឆ្លងសរុបនៅក្នុងសហគមន៍ មានចំនួន ៧៥៩ករណីទៅហើយដែលបានឆ្លងនៅក្នុងខេត្តសាមុតសាខន ចំណែក ២៤ករណីទៀតត្រូវបានបញ្ជាក់បន្ថែមនៅឯមន្ទីរពេទ្យ។

ចំពោះករណីឆ្លងថ្មីចំនួន ៧៥៩ករណីនោះត្រូវបានរកឃើញថាមានឆ្លងនៅក្នុងខេត្តសាមុតសាខន ដោយមានប្រជាជនមីយ៉ាន់ម៉ាចំនួន ៦៦២នាក់ និងជនជាតិថៃចំនួន៩២នាក់ រួមជាមួយជនជាតិឡាវចំនួន ២នាក់ផងដែរ។

រីឯក្នុងចំណោមករណីចំនួន ២៤ករណីរ ដែលរកឃើញនៅក្នុងមន្ទីរពេទ្យនោះមានប្រជាជន មីយ៉ាន់ម៉ាចំនួន១១នាក់ និងថៃចំនួន៧នាក់ ក្រុងបាងកក ៤នាក់(ថៃ៣នាក់ និងមីយ៉ាន់ម៉ា១នាក់) និង២នាក់ទៀតនៅខេត្ត Tak ម្នាក់ និងខេត្ត Maha Sarakham ម្នាក់ទៀត។

ចំណែកឯករណីនាំចូលទាំង១២នោះគឺជាការមកដល់របស់ភ្ញៀវទេសចរដែលបានធ្វើចត្តាឡីស័កមកពីសហរដ្ឋអាមេរិក ១ករណី, ចក្រភពអង់គ្លេស១ករណី, កាណាដា១ករណី, ម៉ាឡេស៊ី២ករណី, គុយវ៉ែត១ករណី, រុស្ស៊ី១ករណី, ទួកគី១ករណី, និងអារ៉ាប់រួមចំនួន ៤ករណី។

ទោះបីជាយ៉ាងណាមកទល់នឹងពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១,២៤៩ករណីហើយ និងមានអ្នកស្លាប់ចំនួន ៧៩នាក់ ផងដែរ៕

ប្រភព ៖ Bangkok Post