រដ្ឋាភិបាលប្រទេសអូស្រ្តាលី មានបំណងអនុម័តច្បាប់ ដែលបង្ខំឲ្យ ក្រុមហ៊ុន បច្ចេកវិទ្យាធំៗ ដូចជាក្រុមហ៊ុន Google បង់ប្រាក់អោយ ព័ត៌មានសំរាប់ការប្រើប្រាស់អត្ថបទរបស់ គេ។ ប៉ុន្តែក្រុមហ៊ុន បានជំទាស់យ៉ាងខ្លាំងចំពោះវិធានការនេះ។

រដ្ឋាភិបាល និយាយថាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ កាន់តែច្រើនឡើងៗ កំពុងចាកចេញពីពាណិជ្ជកម្ម ដោយសារពួកគេមើលឃើញការធ្លាក់ចុះនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ចំពេលមានការកើនឡើងនៃបណ្តាញអ៊ីនធឺណេត។ ច្បាប់នេះ ត្រូវបានបញ្ជូនទៅសភាកាលពីនៅខែធ្នូ។ វានឹងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចរចាការចំណាយជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់មាតិកា ដែលដាក់បញ្ចូលនៅក្នុងលទ្ធផលស្វែងរក និងចេញផ្សាយព័ត៌មាន។

ប្រសិនបើ ភាគីទាំងពីរ មិនអាចឈានដល់កិច្ចព្រមព្រៀង អាជ្ញាកណ្តាលដែលតែងតាំងដោយរដ្ឋាភិបាល នឹងធ្វើការសម្រេចលើតម្លៃ។ នៅក្នុងសវនាការព្រឹទ្ធសភា កាលពីថ្ងៃច័ន្ទ តំណាងវិស័យ ព័ត៌មាន បានលើកឡើងពីស្ថានភាពលំបាករបស់ពួកគេក្នុងការបាត់បង់ចំណូល ពីការផ្សាយ ពាណិជ្ជកម្ម។ ការអំពាវនាវឱ្យក្រុមហ៊ុន Google និងក្រុមហ៊ុនតាមអ៊ិនធឺរណេតផ្សេងទៀត បង់ប្រាក់ថ្លៃព័ត៌មាន សម្រាប់មាតិកា បានធ្វើឡើងខណៈក្រុមហ៊ុនទាំងនោះកំពុងទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការផ្សាយពាណិជ្ជកម្ម។

ក្រុមហ៊ុន Google បានបង្កើតសេវាកម្មព័ត៌មាន នៅក្នុងខែតុលា ដែលតាមរយៈនោះ ក្រុមហ៊ុនគ្រោងចំណាយប្រាក់ ១ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនបោះពុម្ពផ្សាយទូទាំងពិភពលោក សម្រាប់មាតិកា របស់ពួកគេ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុន Google ប្រឆាំងនឹងច្បាប់ប្រទេសអូស្រ្តាលី និងបានគំរាមបិទម៉ាស៊ីនស្វែងរករបស់ខ្លួន នៅក្នុងប្រទេសអូស្រ្តាលី ប្រសិនបើរដ្ឋាភិបាលដំណើរការជាមួយវិធានការនេះ។