ហាងលក់ទំនិញ Tokyu ជប៉ុន ដែលមានមូលដ្ឋានធំនៅទីក្រុងតូក្យូ បានបិទសាខាហាងទំនិញរបស់ខ្លួនក្នុងទីក្រុងបាងកក ប្រទេសថៃ ខណៈមានការឆ្លងរាលដាលមេរោគកូរ៉ូណា បន្ទាប់ពិបានធ្វើប្រតិបត្តិការអស់រយៈពេលជាង៣០ឆ្នាំមកនេះ។

Tokyu បានក្លាយជាក្រុមហ៊ុនលក់រាយជប៉ុនចុងក្រោយបង្អស់ ដែលបានដកខ្លួនចេញពីរដ្ឋធានី ប្រទេសថៃ នៅពេលដែលក្រុមហ៊ុននេះ បានបិទហាងទំនិញ នៅផ្សារទំនើប MBK Center ។ ហាង Bangkok Tokyu Department Store បានរៀបចំព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃប្រតិបត្តិការរបស់ខ្លួន។ បុគ្គលិកហាងទំនិញ បានទទួលអតិថិជនជាច្រើននាក់ មុនពេលបិទទ្វារ។ ហាងទំនិញ Tokyu បានបើកដំណើរការនៅក្នុងឆ្នាំ ១៩៨៥។

ហាងនេះបម្រើជូនភ្ញៀវទេសចរមកពីបរទេស ក៏ដូចជាអ្នកទិញឥវ៉ាន់ក្នុងស្រុក។ ប៉ុន្តែហាងទំនិញនេះ បានជួបការលំបាកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ជាមួយនឹងអគារពាណិជ្ជកម្មដែលបើកដោយប្រតិបត្តិករក្នុងស្រុក។ការរាតត្បាតវីរុសឆ្លងកូរ៉ូណា បានបន្ថែមការលំបាករបស់ខ្លួនកាលពីឆ្នាំមុន ដោយបណ្តាលឱ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ។ ក្រុមហ៊ុនលក់រាយនេះ បានសម្រេចថា ការងើបឡើងវិញ មិនអាចត្រូវបានគេរំពឹងទុកនាពេលអនាគតនោះទេ។

អតិថិជនជនជាតិថៃ អាយុ ៤៥ ឆ្នាំម្នាក់ បាននិយាយថា លោកស្រីមានអារម្មណ៍សោកស្តាយ ខណៈលោកស្រី បានទៅទិញឥវ៉ាន់នៅហាងនេះតាំងពី ចូលរៀន។ លោកស្រីគិត ថាការប្រកួតប្រជែង ក្នុងចំណោមហាងលក់ទំនិញ កំពុងកើនឡើង ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះផ្លាស់ប្តូរ។ហាងលក់ទំនិញរបស់ជប៉ុនមួយផ្សេងទៀត Isetan Mitsukoshi Holdings បានបិទហាងរបស់ខ្លួន នៅទីក្រុងបាងកក កាលពីខែសីហា បន្ទាប់ពីវាប្រឈមនឹងការប្រកួតប្រជែងពីហាងទំនិញក្នុងស្រុក។