មីយ៉ាន់ម៉ា ៖ ប្រិយមិត្តមួយភាគធំប្រាកដជាបានដឹងរួចមកហើយអំពីការចាប់ខ្លួនរបស់លោកស្រី​ អង់សាន ស៊ូជី រួមជាមួយនឹងមេដឹកនាំកំពូលៗមួយចំនួន ក្រោមស្នាដៃរបស់ក្រុមយោធាក្នុងប្រទេសដែលមិនពេញចិត្តជាមួយនឹងលទ្ធផលបោះឆ្នោត។ យ៉ាងណាមិញមុនពេលមានការចាប់ខ្លួននេះដែរ លោកស្រី អង់សាន ស៊ូជី គឺជាស្រ្តីមួយរូបដែលមានការលះបង់ខ្ពស់បំផុតសម្រាប់បុព្វហេតុជាតិមាតុភូមិរបស់ខ្លួន ជាពិសេសគឺការបំផុសគំនិតសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផ្ទាល់តែម្តង ខណៈដែលលោកស្រីក៏ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព កាលពីអំឡុងឆ្នាំ១៩៩១ ផងដែរ។


លោកស្រី អង់សាន ស៊ូជី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥​ នាទីក្រុង រ៉ង់ហ្គូន។ សព្វថ្ងៃទីក្រុងមួយនេះត្រូវបានគេហៅថាជាទីក្រុង យ៉ាំងហ្គោន ទៅវិញ។ ឪពុករបស់លោកស្រី គឺជាមេបញ្ជាការកងទ័ពឯករាជ្យភូមា មានឈ្មោះថា អង់ សាន ដែលជាជនជាតិភូមាមួយរូបដែលហ៊ានចរចាជាមួយនឹងអង់គ្លេស ដើម្បីទាមទារឯករាជ្យមកវិញ។ ក៏ប៉ុន្តែជាអកុសល ឪពុករបស់លោកស្រីត្រូវបានគេធ្វើឃាតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤៧ទៅវិញ។ រីឯម្តាយរបស់លោកស្រីគឺអ្នកការទូត មានឈ្មោះថា Ma Khin Kyi ដែលក្រោយមកគាត់បានធ្វើជាឯកអគ្គរដ្ឋទូតភូមាប្រចាំប្រទេសឥណ្ឌា។


លោកស្រី អង់សាន ស៊ូជី បានរៀបការជាមួយនឹងបុរសជនជាតិអង់គ្លេសម្នាក់មានឈ្មោះ Michael Aris នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧១ ហើយស្វាមីរបស់លោកស្រីក៏បានទទួលមរណភាពទៅវិញនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ១៩៩៩ ដោយបន្សល់ទុកកូនប្រុសពីរនាក់ឈ្មោះ Kim កើតនៅឆ្នាំ១៩៧៧ ដែលមានឈ្មោះមីយ៉ាន់ម៉ាថា Htein lin និងម្នាក់ទៀតឈ្មោះ Alexander កើតឆ្នាំ១៩៧៣ មានឈ្មោះមីយ៉ាន់ម៉ា ថា High San Aung។

ចំពោះការសិក្សាអប់រំវិញ លោកស្រី អង់សាន ស៊ូជី គឺជាស្រ្តីម្នាក់ដែលទទួលបានការអប់រំយ៉ាងល្អទាំងផ្នែកចំណេះដឹង និងចរិយាមារយាទ ស្របពេលដែលលោកស្រីទទួលបានបរិញ្ញាបត្រផ្នែកទស្សនវិជ្ជាមកពីមហាវិទ្យាល័យ St Hughes និងមកពីសកលវិទ្យាល័យ Oxford កាលពីឆ្នាំ១៩៦៧ ថែមទៀតផង។

លោកស្រី អង់សាន ស៊ូជី ធំធាត់ឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសឥណ្ឌា រហូតមកដល់ឆ្នាំ១៩៦០ ទើបគាត់សម្រេចចិត្តផ្លាស់មកនៅក្នុងប្រទេសអង់គ្លេស និងបន្តការសិក្សានៅទីនោះផងដែរ។


លោកស្រី ក៏ជាអតីតបុគ្គលិកនៅក្នុងអង្គការសហប្រជាជាតិ ដែលនៅឆ្នាំ១៩៦៩ មកទល់នឹងឆ្នាំ១៩៧១ គាត់បានទទួលការងារមួយនៅញ៉ូវយក ដែលពេលនោះលោកស្រីបានធ្វើជាជំនួយការលេខាធិការនៃគណៈកម្មធិការប្រឹក្សាយោបល់សម្រាប់សំនួររដ្ឋបាលនិងថវិការនៅអង្គការសហប្រជាជាតិ។

រហូតមកដល់ឆ្នាំ១៩៨៨ ក្នុងខែមេសា លោកស្រី អង់សាន ស៊ូជី បានវិលត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាទឹកដីកំណើតវិញ ដោយហេតុតែម្តាយរបស់គាត់មានជំងឺធ្ងន់ ដែលជាជំងឺដាច់សរសៃឈាមខួរក្បាល។

ក្នុងឆ្នាំ១៩៨៨ ដដែលនោះនៅថ្ងៃទី១៥ ខែសីហា លោកស្រីបានធ្វើការស្នើរសុំឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានការបោះឆ្នោតជាពហុបក្សនៅមីយ៉ាន់ម៉ា រហូតមកដល់ថ្ងៃទី ២៦ ខែសីហា លោកស្រីបានវាតទីតាំងខាងក្រៅរបងវត្ត Shwedagon ធ្វើជាកន្លែងថ្លែងសន្ទរកថាជាសាធារណៈលើកដំបូងបំផុតរបស់គាត់ទៅកាន់បណ្តាប្រជាជនដើម្បីជំរុញឲ្យរដ្ឋាភិបាលចាប់ផ្តើមការបោះឆ្នោតពហុបក្យ។


ជាការពិតណាស់ក្រោយមក លោកស្រី អង់សាន ស៊ូជី ក៏ចាប់ផ្តើមបង្កើតគណបក្សមួយឡើងដោយបានដាក់ឈ្មោះថា គណបក្ស NLD ដែលការបោះឆ្នោតនោះធ្វើឲ្យលោកស្រីមាន ៨០ភាគរយសម្រាប់អាសនៈនីតិប្បញ្ញតិ្ត។ ក្នុងអំឡុងពេលនោះដែរ លោកស្រីត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេលដល់ទៅ១៥ឆ្នាំ ដោយសារតែការបញ្ចេញមតិរបស់គាត់ ស្របពេលដែលមនុស្សជាច្រើនបានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះភាពអង់អាច មនសិការ ចំពោះប្រទេសជាតិ ជាពិសេសគឺការបង្កើតឲ្យមាននូវទស្សនវិស័យថ្មីផ្សេងៗគ្នាសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូលផងដែរ៕

ប្រភព ៖ Dw.com