កំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចូលក្នុងតំបន់អវិជ្ជមាន ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំកន្លងទៅនេះ ដោយសាជំងឺរាតត្បាតកូវិត-19 បណ្តាលឱ្យមានការធ្លាក់ចុះ បន្ទាប់ពីងើបឡើងវិញមួយរយៈ។ ការិយាល័យស្ថិតិ របស់សហភាពអ៊ឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុប ក្នុងប្លុករូបិយប័ណ្ណតែមួយ បានធ្លាក់ចុះ ០,៧ ភាគរយ នៅក្នុងរយៈពេលពីខែតុលា ដល់ខែធ្នូ កាលពី ឆ្នាំ២០២០។

នៅក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញា សេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងក្នុងកំរិតមួយលឿន។ ប៉ុន្តែចាប់តាំងពីខែតុលា ការរីករាលដាលនៃមេរោគកូរ៉ូណាជាថ្មី បានជំរុញឱ្យរដ្ឋាភិបាលរឹតបន្តឹងសកម្មភាពសេដ្ឋកិច្ចម្តងទៀត។ ស្ថិតិសហភាពអឺរ៉ុប បាននិយាយថា ផលិតផលក្នុងស្រុកសរុប ក្នុងតំបន់សម្រាប់ឆ្នាំ ២០២០ បានធ្លាក់ចុះ ៦,៨ ភាគរយ។នោះគឺជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ច្រើនបំផុត ចាប់តាំងពីការតាមដានទិន្នន័យ ចាប់ផ្តើមក្នុងឆ្នាំ ១៩៩៦ ។

ការចាក់វ៉ាក់សាំង បានចាប់ផ្តើមនៅក្នុងបណ្តាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែជំងឺរាតត្បាតមិនទាន់បានបង្ហាញសញ្ញានៃការអន់ថយនៅឡើយ។ ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានបង្ហាញថា ផលប៉ះពាល់សេដ្ឋកិច្ច ទំនងជានឹងបន្តដល់ខែមីនា ដោយបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះរយៈពេលយូរ។