ខេត្តកំពង់ស្ពឺ៖ កងទ័ពមួកខៀវខែ្មរ នៃកងកម្លាំងវិស្វកម្មពហុជំនាញចំនួន ១៨៤នាក់ (នារី២៤នាក់) បានវិលត្រឡប់មកពីប្រទេសលីបង់ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កនៅក្នុងវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទៅទទួលកងទ័ពមួកខៀវ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កងកម្លាំងមួកខៀវទាំងនេះជាកងលើកទី១០ ដែលកម្ពុជាបានបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពកាលពីខែមករា ឆ្នាំ២០២០ ខណៈយើងទើបបានបញ្ជូនកម្លាំងថ្មីទៅដល់លីបង់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កន្លងទៅដើម្បីផ្លាស់ប្តូរកម្លាំងចាស់។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ចំពោះកម្លាំងទ័ពមួកខៀវ ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃនេះ គឺបញ្ជូនទៅធ្វើចចត្តាឡីស័ក១៤ នៅមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺហើយយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩ និងត្រូវយកសំណាក់ចំនួន២លើក ដែលលើកទី១ ពេលដែលពួកគេមកដល់និងលើទី២នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។ បើលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ទើបយើងអនុញ្ញាតឲ្យត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ៕