រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍សង្ខេបមួយ បង្ហាញឱ្យដឹងថា សម្រាប់ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេសមានចំនួន៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧តោន គឺតិចជាងបរិមាណនាំចេញកាលពីខែមករា ឆ្នាំ២០២០ ដែលមានចំនួន៥០ ៤៥០តោន។

យោងតាមរបាការណ៍របស់ក្រសួងកសិកម្ម ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ការថយចុះនេះមានទិសដៅទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ានមួយចំនួន តែសម្រាប់ទីផ្សារប្រទេសចិនមានការកើនឡើងចំនួន១ ១៥៦តោន(៧.៧ភាគរយ)។ របាយការណ៍ដដែលបញ្ជាក់ឱ្យដឹងបន្ថែមថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន៣០ ០៣២តោន ស្មើនឹង៨៧,៦៣ភាគរយ និងអង្ករស គ្រប់ប្រភេទមានចំនួន៣ ៦៩៥តោន ស្មើនឹង១០,៧៨ភាគរយ និងអង្ករចំហុយមានចំនួន៥៤៦តោន ស្មើនឹង១,៥៩ភាគរយ។

តាមរបាយការណ៍ដដែលឱ្យដឹងថា អង្ករដែលនាំចេញទៅកាន់ទិសដៅបណ្តាប្រទសសហភាពអឺរ៉ុប មាន១៤ប្រទេស មានបរិមានអង្ករសរុបចំនួន៧ ៦៣៥តោន (ស្មើនឹង២២,២៨ភាគរយ) ហើយការនាំចេញទៅកាន់ប្រទេសចិនមានបរិមាណសរុបចំនួន១៦ ១៦៣តោន (ស្មើនឹង៤៧,១៥ភាគរយ) ទិសដៅអាស៊ានមានចំនួន២ប្រទេស មានបរិមាណអង្ករសរុបចំនួន ៣ ២៥៩តោន (ស្មើនឹង៩,៥១ភាគរយ) និងទិសដៅដទៃទៀតមានចំនួន១១ប្រទេស មានបរិមាណអង្ករសរុប ៧ ២១៦តោន(ស្មើនឹង២១,០៦ភាគរយ។

សម្រាប់បរិមាណអង្ករដែលនាំចេញទៅក្រៅប្រទេសដោយក្រុមហ៊ុនធំៗចំនួន១០ សម្រាប់ខែមករា ឆ្នាំ២០២១នេះ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅចំនួន២៨ប្រទេស ក្នុងចំណោមនោះប្រទេសចិនឈរលើលំដាប់ថ្នាក់ទី១ ប្រទេសបារាំងលំដាប់ថ្នាក់ទី២ ប្រទេសហ្គាបុងលំដាប់ថ្នាក់ទី៣ ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី៤៕