បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅក្នុងប្រទេសថៃ មានការឆ្លងថ្មី នៃវីរុសកូវីដ-១៩ ចំនួន៨១៩ករណី ហើយមានជនរងគ្រោះម្នាក់ បានបាត់បង់ជីវិត ដោយសារមេរោគដ៏កំណាចនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ ហៅកាត់ «CCSA» បានចេញរបាយការណ៍ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លងថ្មី នៃជំងឺកូវីដ- ១៩ ចំនួន៨១៩នាក់ និង ម្នាក់ស្លាប់ ដោយសារជំងឺនេះ។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ ក៏មានអ្នកដំណើរ​ មកពីក្រៅប្រទេស ចំនួន១១នាក់ផងដែរ។​

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ខេត្ដដែលមានការឆ្លងខ្ពស់ជាងគេ គឺខេត្តសមុទ្រសាគរ ​(Samut Sakhon) មានឆ្លងចំនួន៧០នាក់ ខណៈទីក្រុងបាកក រកឃើញការឆ្លងថ្មីចំនួន៦ករណី។​ ដោយឡែកចំពោះការធ្វើតេស្ដកូវីដវិញ រកឃើញមាន៧១៦ករណី ហើយក្នុងនោះមាន៧១៤ករណី នៅក្នុងខេត្តសមុទ្រសាគរ, ១ករណី នៅខេត្តសមុទ្រប្រាកាន និង១ករណីទៀត នៅក្នុងខេត្ត Rayong។

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin  អ្នកនាំពាក្យ CCSA បានប្រកាសថា សេចក្ដីព្រាងការណែនាំថ្មី ត្រូវបានស្នើឡើង សម្រាប់កំណត់អំពីកម្រិតគ្រោះថ្នាក់ នៅក្នុងខេត្តនីមួយ ដោយកំណត់តំបន់គ្រោះថ្នាក់បំផុត ដាក់កូដពណ៌ក្រហម, កម្រិតខ្ពស់ មានកូដពណ៌ទឹកក្រូច, កម្រិតគ្រប់គ្រង់បាន មានកូដពណ៌ទឹកក្រូចស្រាល, កម្រិតស៊ើបអង្កេតខ្ពស់ មានកូដពណ៌លឿង និង កម្រិតតាមឃ្លាំមើល ដាក់ពណ៌បៃតង។​

បើតាម CCSA បានបញ្ជាក់ នៅថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២១ថា​ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដឥ១៩ ចំនួន ១៥ ៤៦៥នាក់ ស្លាប់៧៦នាក់ និងជាសះស្បើយ ១១ ០៥៤នាក់៕