គ្រាន់តែឮឈ្មោះម្ហូបលោកអ្នកប្រាកដជាគិតថា វាលំបាកធ្វើណាស់ហើយ ហើយម្ហូបបែបនេះបើចង់ញ៉ាំមានតែទៅហាងទើបញ៉ាំកើត ព្រោះគេធ្វើឆ្ងាញ់ និងមានភាពងាយស្រួល។ ប៉ុន្ដែថ្ងៃនេះលោកអ្នកកុំបារម្ភអី ស្រ្ដីមេផ្ទះទាំងឡាយប្រាកដជាអាចធ្វើនៅផ្ទះបានយ៉ាងងាយ ហើយមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់នៅហាងឡើយ។ តោះ មករៀនធ្វើទាំងអស់គ្នា!

១. គ្រឿងផ្សំ៖
ទាមួយក្បាលគឺស្រង់យកតែ កោះ ថ្លើម បេះដូង ជើង ស្លាប និងសាច់, មីសួ, ខ្ញី,ស្រាធ្វើម្ហូប, អំបិលម៉ដ្ឋ, ដុំស៊ុបខ្នរ, ម្រេចម៉ដ្ឋ, និងទឹកស៊ុប។
២. វិធីធ្វើ៖
ក. ទាលាងទឹកឱ្យស្អាតហើយហាន់ដុំៗ តាមការចូលចិត្ត។ មីសួស្រុសទឹកក្ដៅបន្ដិចទើបស្រង់ចេញទុកប្រើការ ចំណែកខ្ញីត្រូវហាន់ជាបន្ទះៗ។
ខ. ដាំទឹកឱ្យពុះនៅក្នុងឆ្នាំងដី រួចហើយដាក់សាច់ទាចូលស្រុសបន្ដិច ទើបស្រង់ចេញ និងដាក់ត្រាំក្នុងទឹកត្រជាក់បន្ដិច ហើយស្រង់ដាក់ក្នុងកញ្ច្រែងឱ្យស្ងួតទឹក។
គ.ចាក់ទឹកស្រុសសាច់ទាចេញពីក្នុងឆ្នាំងដីទើបដាក់មីសួ ដាក់ទា និងទឹកស៊ុបចូល។ រីឯបន្ទះខ្ញី ស្រា អំបិល ម្រេចម៉ដ្ឋ និងគ្រឿងផ្សំរសជាតិផ្សេងៗ ទៅតាមការចូលចិត្តរបស់លោកអ្នកដាក់ចូលជាមួយគ្នាដែរ ដោយធ្វើការរម្ងាស់ភ្លើងឱ្យក្ដៅខ្លាំង និងឧស្សាហ៍ដួសពពុះចេញ បន្ទាប់មកត្រូវរម្ងាស់រយៈពេលកន្លះម៉ោង ដោយបន្ថយភ្លើងតិចៗវិញ ហើយភ្លក្សរសជាតិតាមការចូលចិត្ត ប៉ុន្ដែអ្នកត្រូវចាំថាស៊ុបមិនត្រូវមានរសជាតិប្រៃទេ៕