បរទេស៖ ក្រោយពេលរលកបាតុកម្មយ៉ាងកក្រើកប្រទេសថៃ បានស្ងប់ស្ងាត់ ដោយសារការផ្ទុះឡើងកូវីដ១៩នោះមក ព្រះមហាក្សត្រថៃ Maha Vajiralongkorn បាន​តែងតាំងស្នំឯក ជាមហេសីទីពីរ​។

ស្នំឯក Sineenat Wongvajirapakdi ត្រូវបានព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកហូតតំណែង កាលពីឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ ពីបទ «​ខ្វះការគោរពដល់ព្រះរាជអគ្គមហេសី» ។ ប៉ុន្ដែនៅពេលនេះ ព្រះមហាក្សត្រថៃ​ បានសម្រេចតែងតាំងស្នំឯក Sineenat ឲ្យក្លាយ​ជាព្រះមហេសីទីពីរ​ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ នៅក្នុងឱកាស​ខួបកំណើតអាយុ៣៦ឆ្នាំរបស់នាង​។

ព្រះមហាក្សត្រថៃ និងមហេសីថ្មី​ Sineenat បានគ្រងឈុតដូចគ្នា ​ចូលរួមពិធីដោះលែងសត្វនិងត្រី​ នៅក្នុងពិធីបុណ្យសាសនាមួយ ដើម្បី​អបអរសាទរស្នំឯក ត្រូវបានតែងតាំងជាមហេសីទីពីរ។ រីឯការតែងតាំងរបស់ព្រះមហាក្សត្រថៃនេះ បាន​បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​​ ចំពោះប្រជាពលរដ្ឋថៃ។​

ព្រះនាង Sineenat  ត្រូវបានតែងតាំងជាស្នំឯក ហើយក្លាយជាមនុស្សដំបូងទទួលបាន​តំណែងនេះ ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល១០០ឆ្នាំ នៃប្រវត្ដិរបស់ស្ដេចថៃ​។ ប៉ុន្ដែក្រោយមក ព្រះនាងត្រូវបានដកហូតដំណែងទាំងអស់ ហើយបាត់ខ្លួន តាំងពីពេលនោះមក​។ លុះមកដល់ខែកញ្ញា ឆ្នាំ​២០២០ នាង​ Sineenat ត្រូវបានតែងតាំងជាស្នំឯក​សាជាថ្មី​វិញ ហើយចុងក្រោយ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាព្រះរាជអគ្គមហេសីទីពីររបស់ស្ដេចថៃ​។

ប្រជាពលរដ្ឋថៃ កាលពីប៉ុន្មានខែមុននេះ បាននាំគ្នាធ្វើបាតុកម្មយ៉ាងកក្រើកប្រទេសអាស៊ានមួយនេះ ដោយទាមទារឲ្យធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ (ដកហូតអំណាចខ្លះរបស់ព្រះមហាក្សត្រ) ទាមទារឲ្យនាយករដ្ឋមន្រ្ដីចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្ដែរលកបាតុកម្មនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយមានច្បាប់ហាមឃាត់ជួបជុំគ្នា ដើម្បីទប់ស្កាត់កូវីដ ដែលបានផ្ទុះឡើងជាថ្មី នៅក្នុងប្រទេសថៃ៕