ភ្នំពេញ៖ ក្រុមក្មេងស្ទាវជាជនសង្ស័យដែលបាននាំគ្នាដេញកាប់យុវសិស្សម្នាក់ បណ្តាលឱ្យស្លាប់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៧ នាក់។
ជាបន្តបន្ទាប់ ករណីក្រុមក្មេងស្ទាវជាជនសង្ស័យ បានដេញកាប់សម្លាប់យុវសិស្សម្នាក់ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអធម កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ។


ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានថ្លែងថា ក្រុមជនសង្ស័យទាំង៧នាក់ខាងលើនេះ បានធ្វើសកម្មភាពនាំគ្នាដេញកាប់វាយទៅលើយុវសិស្សម្នាក់បណ្ដាលឲ្យបាត់បង់ជីវិត ខណៈជនរងគ្រោះ និងមិត្តភក្តិជិត១០នាក់ទៀត កំពុងជិះម៉ូតូដើរលេង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
ក្រុមក្មេងស្ទាវជាជនសង្ស័យទាំង៧នាក់ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕