បរទេស៖ រហូតមកដល់ពេលនេះ មេដឹកនាំសហភាពអឺរ៉ុប កំពុងគំរាមឲ្យបញ្ឈប់ការចែកចាយវ៉ាក់សាំ​ង នៅខាងក្រៅប្លុកអឺរ៉ុប​ ហើយករណីនេះនឹងធ្វើឲ្យចក្រភពអង់គ្លេស ខកខានប្រើប្រាស់វ៉ាក់សាំងរាប់លានដូស។

បើតាមសារព័ត៌មាន Mail Online បានផ្សាយថា តើនឹងមានអ្វីកើតឡើង ប្រសិនបើសហភាពអឺរ៉ុប​បញ្ឈប់ការចែកចាយវ៉ាក់សាំងកូវីដ-១៩នោះ?  ចក្រភពអង់គ្លេស អាចនឹងខកខានការប្រើវ៉ាក់សាំង ប្រហែល៣,៥លានដូស ចន្លោះពីពេលនេះ រហូតដល់ខែកុម្ភៈ ហើយអង់គ្លេសនឹង​​ពឹងផ្អែកទាំងស្រុងតែទៅលើផែនការរបស់ក្រុមហ៊ុន AstraZeneca ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ចំនួន២លានដូស ជារៀងរាល់៧ថ្ងៃ ចាប់ពីសប្តាហ៍នេះទៅ​។​

ដោយឡែក មេដឹកនាំសហភាពអឺរ៉ុប កំពុងតែគំរាមឲ្យបញ្ឈប់ការនាំចេញវ៉ាក់សាំងទៅខាងក្រៅប្លុកអឺរ៉ុប ហើយវាអាចនឹងកាន់បន្ថយដល់ការផ្គត់ផ្គង់វ៉ាក់សាំងដល់ចក្រភពអង់គ្លេសផងដែរ។ ក្រុមហ៊ុនឱសថអាមេរិក Pfizer ដែលផលិតវ៉ាក់សាំង រាប់លានដូស នៅក្នុងទីក្រុង ​Puurs ប្រទេសប៊ែលហ្ស៊ិក នឹងមិនអាចដឹកជញ្ជូនវ៉ាក់សាំងតាមនាវាទៅកាន់ចក្រភពអង់គ្លេស ប្រសិនបើបទបញ្ជានេះត្រូវបានដាក់ចេញ។​

ចក្រភពអង់គ្លេស អាចនឹងខកខានប្រើប្រាស់វ៉ាក់សាំងកូវីដរាប់លានដូស ប្រសិនបើសហភាពអឺរ៉ុបព្យួរការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសនានា ក្រៅពីប្លុកអឺរ៉ុប ជុំវិញជម្លោះលើការចែកចាយវ៉ាក់សាំង នៅអឺរ៉ុបនេះ។​ អង់គ្លេសនឹងរំពឹងថា ទទួលបានវ៉ាក់សាំងចំនួន៩លានដូស ពីរោងចក្ររបស់ Oxford/AstraZeneca នៅក្នុងទីក្រុង Wrexham និងទីក្រុង Oxford ហើយវ៉ាក់សាំងពីក្រុមហ៊ុន Pfizer-BioNTech ដែលផលិត នៅទីក្រុង Puurs ប្រទេសប៊ែលហ្ស៊ិក។ ប៉ុន្តែជម្លោះនេះបានផ្ទុះឡើង ដោយសារក្រុមហ៊ុន AstraZeneca បង្កើន​ផែនការបញ្ជូនការចែកចាយទៅក្រៅតំបន់អឺរ៉ុប ហើយឥឡូវនេះ សហភាពអឺរ៉ុបបានគំរាមរឹតបន្តឹងច្បាប់ ស្តីពីកម្រិតថ្នាំ ដែលត្រូវបានដឹកជញ្ជូន ចេញពី​ទៅប្រទេសមួយចំនួនទៀត ដូចជា ចក្រភពអង់គ្លេសជាដើម៕