ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកប៉ះរថយន្តឡិចស៊ីស LX470 តែមិនឈប់ដោះស្រាយ បែរជាបើកររត់គេច ត្រូវម្ចាស់រថយន្តឡិចស៊ីសដេញតាមកាក់ពីមុខជាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរស្ស៊ី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។


សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តពីរគ្រឿងមួយគ្រឿងប្រភេទដឹកទំនិញម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1831បើកបរក្នុងទិសដៅពីកើតទៅលិច ស្របគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស LX៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229។ លុះមកដល់ចំណុចមុខទីស្ដីការគណៈរដ្ឋមន្ត្រី រថយន្តដឹកទំនិញម៉ាកKIAបានជ្រុលទៅបុករថយន្តឡិចស៊ីស ធ្វើឱ្យខូចខាត តែមិនឈប់ដោះស្រាយ បែរជាបើករត់ ហើយម្ចាស់រថយន្តរងគ្រោះបើកដេញតាមទៅដល់ចំណុចស្តុបក្ដាន់ពីរ ក៏បានកាក់ពីខាងមុខ ហើយត្រូវរថយន្តបង្កបុកក្រពឹតផ្នែកខាងក្រោយបន្ថែមទៀត ទៅមុខលែងរួច។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាងចរចាគ្នាដែរ តែមិនត្រូវតម្លៃជូសជុល ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឱ្យចុះមកធ្វើការវាស់វែង រួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕