ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយជាមួយនឹងពិធីកររូបស្រស់ សម្បូរវោហារ និងលាយឡំជាមួយនឹងភាពកំប្លុកកំប្លែងលោក វី យ៉ារ៉ូ ស្របពេលដែលលោកចាប់ផ្តើមល្បីល្បាញនៅក្នុងវិស័យសិល្បៈ ក៏ដូចជាមានសន្ទុះនៃការគាំទ្រច្រើនផងនោះ ធ្វើឲ្យប្រជាប្រិយកាន់តែកើនឡើងពីមួយថ្ងៃទៅថ្ងៃ។


តាំងតែពីលោកចាប់ផ្តើមចូលប្រឡូកក្នុងពិភពសិល្បៈរហូតមកទល់នឹងពេលនេះ គេសង្កេតឃើញលោកហាក់មានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុងជាមួយនឹងរូបសម្រស់របស់លោក ជាពិសេសអ្នកដែលធ្លាប់បានឃើញលោកកាលពីប៉ុន្មានឆ្នាំមុន តែងតែលើកឡើងថាលោកពិតជាសង្ហាប្លែកពិតមែន ជាពិសេសគឺស្ទាយល៍តុបតែងខ្លួនរបស់លោកតែម្ដង។


ងាកមកមើលពីជីវិតឯកជនរបស់លោកវិញ គេហាក់នៅមិនទាន់ឃើញលោកបានបង្ហាញពីដៃគូស្នេហាពិតប្រាកដរបស់ខ្លួននៅឡើយ បើទោះជាលោកធ្លាប់បង្ហោះរូបភាពជាមួយអ្នកសិល្បៈជាមួយគ្នាក៏ដោយក្ដីក៏ភាគច្រើនគឺគ្រាន់តែមិត្តរួមអាជីពតែប៉ុណ្ណោះ។


យ៉ាងណាមិញកាលពីម្សិលមិញនេះ លោក វី យ៉ារូ ក៏បានបង្ហោះរូបភាព អមជាមួយនឹងពាក្យពេចន៍មួយចំនួនដែលលើកសរសើរអំពីចរិតលក្ខណៈរបស់កញ្ញា សុភ័ក្រ្ត កុសុម៉ា ដោយពាក្យចុងក្រោយលោកថែមទាំងសរសេរថាស្រឡាញ់នាងខ្លាំងថែមទៀតផង។ ក្នុងសារនោះលោកបានសរសេរថា “គាត់នេះហេីយដែលធ្វេីអោយខ្ញុំយល់កាន់តែច្បាស់ថាអ្វីទៅជាការរាប់អានគ្នាយ៉ាងពិតប្រាកដ អោយខ្ញុំមានអារម្មណ៍ធូរគ្រប់ពេលជួបគាត់ អោយខ្ញុំហ៊ានប្រលែងខ្លូនឯងអស់ជាខ្លួនឯង ជាមួយគាត់ អោយខ្ញុំមិនចាំបាច់ហត់និងសម្តែង អីទេ អោយខ្ញុំយល់បន្ថែមអ្វីទៅជាការងារត្រូវឬខុស អោយខ្ញុំយល់ពីតម្លៃពិត របស់ខ្លួនឯង អោយខ្ញុំមានអារម្មណ៍ថានិយាយគ្នាពីរម៉ោងដូចពីរនាទី ចង់និយាយពីអ្វីក៏បាន ត្រង់ត្រង់ចំចំ ចង់ឃេីញគ្នាល្អសប្បាយចិត្ត ជួយអរគ្នា ហេីយគាត់នេះហេីយដែលបានជួយឲ្យប្រជាជនរាប់លាននាក់សប្បាយធូរស្បេីយពីការស្រ្តេសដោយចារឹកធម្មជាតិរបស់គាត់ គាត់ឲ្យខ្ញុំយល់បន្ថែមទៀតថា អ្វីទៅជាភាពស្អាតពិតទាំងក្នុងនិងខាងក្រៅ។ អរគុណណា ចង់សរសេរច្រេីន ប៉ុន្តែខ្លាចគេអានធុញ ចឹងសូម។ ត្រឹមនេះ ពេលខ្លះនិយាយមិនអស់ទេ មានតែបេះដូងពិតបានដឹង ញញឹមបណ្តេីរសរសេរបណ្តេីរ ខ្ញុំស្រលាញ់គាត់ខ្លាំង Sopheak Kosoma ❤️❤️❤️❤️❤️❤️❤️❤️❤️”៕